ផ្ទះឈើពីរខ្នងត្រូវអគ្គិភ័យឆាបឆេះស្ទើរគ្មានសល់នៅស្រុកកងមាស

វិទ្យុជាតិកម្ពុជា៖​ ដោយ ហ៊ាង ចាន់ថា​ ខេត្ត​កំពង់ចាម៖

អគ្គិភ័យមួយបានឆាបឆេះ ផ្ទះឈើរបស់ប្រជាពលរដ្ឋចំនួន២ខ្នង ប្រក់ក្បឿង ស្ទើរគ្មានសល់ ដែលបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១១ និង៣០នាទី ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ នៅភូមិថ្មី ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម។


ក្រោយពីទទួលបានព័ត៌មានភ្លាម ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានចុះជួយអន្តរាគមន៍និងបញ្ជាអោយកងកម្លាំងសមត្ថកិច្ចបាញ់ពន្លត់ដោយប្រើប្រាស់រថយន្តចំនួនបីគ្រឿង និងប្រើទឹកបួនរថយន្តផងដែរ។


គូរបញ្ជាក់ផងដែរថា អគ្គិភ័យនេះបានឆាប់ឆេះផ្ទះសម្បែងពលរដ្ឋចំនួន២ខ្នង ខូចខាតសម្ភារៈទ្រព្យសម្បត្តិអស់មួយចំនួន និងសត្វគោចំនួន២ក្បាលត្រូវអគ្គិភ័យឆេះងាប់ក្នុងភ្លក់ភ្លើង។


ឯកឧត្ដម គួច ចំរើន បានស្នើឲ្យកងកម្លាំងសមត្ថកិច្ចបន្តខិតខំជួយដោះស្រាយរាល់ទុកលំបាករបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន និងព្យាយាមផ្សព្វផ្សាយលើបញ្ហាអគ្គិភ័យ គឺធ្វើយ៉ាងណាឲ្យបងប្អូនប្រជាពលរដ្ឋជួយរក្សាទឹក និងមានឧបករណ៍ពន្លត់អគ្គិភ័យប្រចាំផ្ទះរៀងៗខ្លួន ដើម្បីចូលរួមទប់ស្កាត់ជាបន្ទាន់នៅពេលមានហេតុការណ៍កើតឡើង។


ឯកឧត្តមបានជំរុញឲ្យកងកម្លាំងពន្លត់អគ្គិភ័យបន្តត្រៀមបច្ចេកទេស ទឹកដើម្បីជួយសង្គ្រោះ និងទប់ស្កាត់លើបញ្ហាអគ្គិភ័យនេះផងដែរ៕