សហភាពអឺរ៉ុបកោតសរសើរវិស័យការងារនៅកម្ពុជាមានភាពរីកចម្រើនខ្លាំង

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ជួន បូណា៖

សហភាពអឺរ៉ុបប្រចាំកម្ពុជាបានកោតសរសើរវិស័យការងារនៅកម្ពុជាមានភាពរីកចម្រើនខ្លាំង ដែលបានលើកស្ទួយដល់ជីវភាពប្រជាពលរដ្ឋ និងលើកកម្ពស់សេដ្ឋកិច្ចជាតិ។
ឯកឧត្តម ចច អ៊ីការ ឯកអគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុប ប្រចាំនៅកម្ពុជាបានថ្លែងបែបនេះ
ក្នុងឱកាសជំរាបលាជាមួយឯកឧត្តម អ៊ិត សំហេងរដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីរសៀលថ្ងៃទី ១៤ ខែមីនា នៅទីស្ដីការក្រសួង ហើយបានវាយតម្លៃខ្ពស់ចំពោះសេដ្ឋកិច្ចកម្ពុជា មានកំណើនខ្ពស់ ដែលបានធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋទាំងនៅទីក្រុង និងជនបទមានការរីកចំរើនឡើង។ម្យ៉ាងវិញទៀតឯកឧត្តមបានអះអាងថា វិស័យការងារនៅកម្ពុជានាពេលបច្ចុប្បន្ននេះគឺមានការរីកចម្រើនហើយអនុវត្តទៅតាមច្បាប់ការងារ ដែលបានរួមវិភាគទានយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ចនិងសង្គម។
ឯកឧត្តមរដ្ឋមន្រ្តីអ៊ិត ហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវបានថ្លែងអរគុណចំពោះសហភាពអឺរ៉ុបដែលបានជួយអភិវឌ្ឍន៍នៅកម្ពុជានាពេលកន្លងមក។ជាមួយគ្នានេះ ភាគីទាំងពីរបានពិភាក្សាគ្នាទៅលើបញ្ហាវិស័យការងារ សម្រាប់អភិវឌ្ឍន៍សិទ្ធិការងារ និងលក្ខខណ្ឌការងារនៅកម្ពុជា ដើម្បីបន្ដជំរុញឲ្យមានការអភិឌ្ឍបន្ថែមទៀត។

សូមបញ្ជាក់ថា នៅក្នុងជំនួបដ៏មានសារៈសំខាន់នេះឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើរឲ្យសហភាពអឺរ៉ុបជួយបញ្ជូនព័ត៌មានល្អអំពីវឌ្ឍនៈភាព និងវិស័យការងារដែលជាព័ត៌មានពិតនៅកម្ពុជាឲ្យទៅដល់ដៃគូរអភិវឌ្ឍន៍នានានៅសហភាពអឺរ៉ុបផងដែរ ដើម្បីទាក់ទាញវិនិយោគិនបរទេសមកវិនិយោគនៅកម្ពុជាកាន់តែច្រើន ៕