មេដឹកនាំកូរ៉េខាងត្បូងមកដល់កម្ពុជាជាមួយគម្រោងកិច្ចព្រៀងបង្កើនកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងការវិនិយោគ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

ឯកឧត្តម មូន ជេអ៊ីន ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ(កូរ៉េខាងត្បូង) បានមកដល់កម្ពុជាហើយនៅរសៀលថ្ងៃទី១៤មីនានេះ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ ដែលគេរំពឹងថា នឹងជំរុញដល់ការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីជាមួយកម្ពុជាកាន់តែប្រសើរឡើងថែមទៀត។


ក្នុងឱកាសស្នាក់នៅប្រទេសកម្ពុជាពីថ្ងៃទី១៤-១៦ ខែមីនានេះ ឯកឧត្តមប្រធានាធិបតី មូន ជេអ៊ីន មានកម្មវិធីចូលគាល់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង និងចូលជួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តកម្ពុជាអំពីការជំរុញទំនាក់ទំនងទ្វេភាគី និងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានាបន្ថែមទៀត ព្រមទាំងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន ក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ផងដែរ។


បើតាមការឲ្យដឹងពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ឯកឧត្តមប្រធានាធិបតីកូរ៉េខាងត្បូង និងសម្តេចតេជោ ហ៊ុន សែន នឹងធ្វើជាសក្ខីភាពក្នុងការចុះកិច្ចព្រមព្រៀងចំនួន២ និងអនុស្សរណៈចំនួន៥ ដែលមានដូចជា៖ កិច្ចព្រមព្រៀងឥណទានជួយដល់វិស័យសុខាភិបាល និងកិច្ចព្រមព្រៀងឥណទានកែលម្អផ្លូវជនបទ អនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានការទូតកម្ពុជា អនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការជាមួយរាជបណ្ឌិត្យសភាកម្ពុជា អនុស្សរណៈស្តីពីវិស័យថាមពល អនុស្សរណៈ ស្តីពីការសម្រួលការវិនិយោគ អនុស្សរណៈស្តីពីការជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយផ្តោតលើឧបករណ៍ និងសម្ភារសំណង់៕