រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីបង្ហាញពីស្ថានភាពវិស័យសំណង់នៅកម្ពុជាមានសន្ទុះរីកចំរើនគួរ ឲ្យកត់សំគាល់

វិទ្យុជាតិកម្ពុជា៖ ដោយ អ៊ឹម ភិរក្សនារីរតនៈ ៖

 រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីបង្ហាញពីស្ថានភាពវិស័យសំណង់នៅកម្ពុជាមានសន្ទុះរីកចំរើនគួរឲ្យកត់សំគាល់ ដែលជាជំរុញកំណើនសេដ្ឋកិច្ចកម្ពុជានៅក្នុងរង្វង់ជាង៧ភាគរយជារៀង រាល់ឆ្នាំ ។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តមណ្ឌលគិរី ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានមានប្រសាសន៍ថា វិស័យសំណង់បានចូលរួមចំណែកសម្រេចបាននូវកំណើនសេដ្ឋកិច្ចជាតិខ្ពស់រហូតដល់៧.៥ភាគរយក្នុងឆ្នាំ២០១៨ ហើយបានជួយបង្កើតឱកាសការងារ កាត់បន្ថយភាពក្រីក្រ និងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានអះអាងថា ការរីកចំរើននៃវិស័យសំណង់នេះ គឺដោយសារតែប្រទេសកម្ពុជារក្សាបានស្ថេរភាពនយោបាយមានសុខសន្តិភាពជាកត្តាជំរុញឲ្យមានការវិនិយោគច្រើនជាងមុន ទាំងអ្នកវិនិយោគក្នុងស្រុកនិងក្រៅស្រុក ។
ឯកឧត្តម បន្តថា វិស័យសំណង់ជាវិស័យមួយដែលត្រូវបានរាជរដ្ឋាភិបាលចាត់ទុកថា ជាសរសរស្តម្ភក្នុងការជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិក្នុងចំណោមវិស័យចំនួន៣ទៀតគឺ ៖ វិស័យ កាត់ដេរ វិស័យទេសចរណ៍ និងវិស័យកសិកម្ម ៕