កម្ពុជានិងប្រទេសកាហ្សាក់ស្ថាន ចង់ឲ្យបង្កើតក្រុមមិត្តភាពរដ្ឋសភានៃប្រទេសទាំងពីរដើម្បីពង្រីកទំនាក់ទំនងមិត្តភាពទៅវិញទៅមកឲ្យកាន់តែរឹងមាំ

វិទ្យុជាតិកម្ពុជា៖ អត្ថបទដោយលោកចេម ហួត

ភ្នំពេញ៖ កម្ពុជា និងប្រទេសកាហ្សាក់ស្ថាន ចង់ឲ្យបង្កើតក្រុមមិត្តភាពរដ្ឋសភានៃ​​ប្រទេសទាំងពីរដើម្បីងាយស្រួលធ្វើការងារ និង​ពង្រីកទំនាក់ទំនង​មិត្តភាពទៅវិញទៅមកឲ្យកាន់តែរឹងមាំទ្វេដង។

ក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម បេកេតហ្សាន ហ្សូម៉ាខាណូវ ឯក អគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណ រដ្ឋកាហ្សាក់ស្ថាន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភានាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ នេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំប្រធានព្រឹទ្ធសភាបានចាត់ទុកថា ក្រុមមិត្តភាពរដ្ឋសភានេះ នឹងជួយ ជំរុញ ឲ្យទំនាក់ទំនងនៃប្រទេសទាំងពីកាន់រីកចម្រើនលើគ្រប់វិស័យ ជាពិសេសការងាផ្នែកនីតិបញ្ញត្តិ ព្រមទាំងងាយស្រួល ផ្លាស់ ប្តូរបទពិសោធន៍ល្អៗពីគ្នាទៅវិញទៅមក។

សម្តងេចបានសម្តែងនូវស្វាគមន៍ និងវាយតម្លៃខ្ពស់បំផុតចំពោះបេសកកម្មការទូតរបស់ឯកឧត្តម បេកេតហ្សាន ហ្សូម៉ាខាណូវ ដែលបានរួមចំណែកនូវការពង្រឹង ពង្រីកទំនាក់ទំនងមិត្តភាព សាគ្គីភាព និងកិច្ចសហប្រតិបត្តិ ការរវាងប្រទេស ប្រជា-ជន និងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។

នៅក្នុងឱកាសនោះ ឯកឧត្តម​ បេកេតហ្សាន ហ្សូម៉ាខាណូវ បានមានប្រសាសន៍ថា ក្នុងនាមសភានៃ​សាធារណរដ្ឋ​កាហ្សាក់ស្ថាន សភាសហព័ន្ធរុស្ស៊ី និងសភានៃសាធារណរដ្ឋកូរ៉េ ឯកឧត្តមបាននាំយកនូវលិខិត​អញ្ជើញ​សម្តេច​វិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ទៅចូលរួមកិច្ចប្រជុំវេទិកាប្រធានសភាប្រទេសតំបន់អឺរ៉ុប-អាស៊ីលើកទី៤ នៅថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ខាងមុខនេះ នៅប្រទេសកាហ្សាក់ស្ថាន ។

ឯកឧត្តមបញ្ជាក់ថា តាមរយៈបេសកកម្មការទូតនេះ ឯកឧត្តមបានសន្យាថា នឹងខិតខំពង្រឹងពង្រីកនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រត្តិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរឱ្យកាន់តែប្រសើរឡើងថែមទៀត។

ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានថ្លែងអំណរគុណចំពោះថា្នក់ដឹកនាំសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលនូវ សេចក្តីអញ្ជើញ និងត្រៀមលក្ខ-ណៈទៅចូលរួមកិច្ចប្រជុំវេទិកាប្រធានសភាប្រទេសតំបន់អឺរ៉ុប-អាស៊ីលើកទី៤ នៅប្រទេស កាហ្សាក់ស្ថាន៕