សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់ក្រសួងកសិកម្ម

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​ និង​ លោក​ អ៊ូ​ កាណែល​៖

នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នា យករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បិទសន្និបាតបូក សរុបការងារ ឆ្នាំ២០១៨ និងលើកទិសដៅការ ងារឆ្នាំ២០១៩ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលរៀបចំធ្វើឡើងនៅទីស្តីការក្រសួងកសិកម្ម ។


នៅក្នុងសុន្ទរកថាស្វាគមន៍និងរបាយការណ៍របស់ឯកឧត្តមវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិ កម្ម រុក្ខាប្រមាញ់និងនេសាទ បានបញ្ជាក់ថា   វិស័យកសិកម្មបានចូលរួមចំណែកប្រមាណ ២៣.៥% ក្នុងផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ២០១៨។ ក្នុងនោះសម្រាប់ផ្នែកដំណាំមានចំនួន ៥៨.១% ផ្នែកផលិតកម្មសត្វ ១១.២% ផ្នែកជលផល ២៤% និងផ្នែកព្រៃឈើ ៦,៧%។ លើសពីនេះទៀត តម្លៃបន្ថែមសរុបនៃវិស័យកសិកម្មមានការកើនឡើងជារៀងរាល់ឆ្នាំ ពោលគឺបានកើនពី ១៩,៤៧០ពាន់លានរៀលនៅឆ្នាំ២០១៤ ដល់ ២១,៩១៣ ពាន់លានរៀលនៅឆ្នាំ២០១៨។


របាយការណ៍បន្តថា នៅឆ្នាំ២០១៨ ការងារបង្ក បង្កើនផលស្រូវនៅទូទាំងប្រទេសសម្រេចបានលើផ្ទៃដីចំនួនជាង៣លាន៣សែនហិកតា ស្មើនឹង ១១៣% នៃផែនការក្នុងនោះស្រូវវស្សាមាន ២លាន៧សែន៥ម៉ឺនហិកតា និងស្រូវរដូវប្រាំង ៥៩០ពាន់ហិកតា។ ផ្ទៃដីដាំដុះដំណាំស្រូវបានកើនប្រមាណ ៤% ធៀបនឹងឆ្នាំ២០១៧។ ចំពោះទិន្នផលស្រូវគិតជាមធ្យមទាំងប្រាំងនិងវស្សាសម្រេចបានជាង ៣តោនក្នុងមួយហិកតា កើនលើសឆ្នាំមុនប្រមាណ ១.៦៦% ក្នុងនោះទិន្នផលស្រូវវស្សាទទួលបានជាង ៣ តោន/ហ.ត និងទិន្ន ផលស្រូវប្រាំងទទួលបានជាង៤តោន/ហ.ត។

បរិមាណផលស្រូវសរុបបានកើនឡើងដល់ប្រមា ណ ជិត១១លានតោន(១០,៨៩ លានតោន )គឺកើនប្រមាណ ៣,៥១% ធៀបនឹងឆ្នាំ២០១៧ ក្នុងនោះបរិមាណផលស្រូវវស្សាទទួលបានប្រមាណជាង ៨លានតោន និងបរិមាណផលស្រូវរដូវប្រាំងទទួលបានប្រមាណ ជិត៣លានតោន(២,៦៨ លានតោន) និងមានអតិរេកស្រូវចំនួនជាង ៥ លាន៨សែនតោន គិតជាអង្ករស្មើនឹងជាង ៣ លាន ៧ សែនតោន កើនលើសឆ្នាំ២០១៧ ប្រ មាណ ៥%។ ម្យ៉ាងទៀត ដំណើរការវិវត្តន៍នៃយន្ដូបនីយកម្មកសិកម្មកំពុងមាននិន្នាការកើនឡើងគួរឱ្យកត់សម្គាល់។ជាក់ស្ដែងក្នុងឆ្នាំ ២០១៨ កន្លងមកនេះ ការភ្ជួររាស់ដាំដុះដំណាំស្រូវវស្សាដោយគ្រឿងយន្តកសិកម្មមានរហូតដល់ជាង ៩៦,៨៦% ខណះដែលការប្រើប្រាស់កម្លាំងគោ -ក្របីមានតែ៣,២%។ ទន្ទឹមនឹងនោះ ផលិតកម្មដំណាំរួមផ្សំ និងឧស្សាហកម្មរយៈពេលខ្លី ទទួលបានបរិមាណផលប្រមាណ ជាង១៦លានតោននៅឆ្នាំ២០១៨ គឺបានកើន ឡើងប្រមាណ ១,៤% ធៀបនឹងឆ្នាំ២០១៧។ ការនាំចេញផលិតផលកសិកម្មសរុបបានកើន ឡើងពី ៣,៤៤លានតោននៅឆ្នាំ២០១៤ ដល់ ៤,២៣លានតោននៅឆ្នាំ ២០១៨ ដែលក្នុងនោះការនាំចេញផ្លែចេក ម្សៅ ដំឡូងមី គ្រាប់ស្វាយចន្ទី ពោត កៅស៊ូ ស្ករអំពៅ ប្រេងដូងឆៅ បានកើន ឡើងគួរឲ្យកត់សម្គាល់។ បរិមាណអង្ករនាំចេញផ្លូវការបានកើនពី ៣៨៧ ពាន់តោនក្នុងឆ្នាំ ២០១ ៤ ដល់ជាង ៦២៦ ពាន់តោនក្នុងឆ្នាំ២០១៨ គឺកើនឡើង ២៣% ក្នុងរយៈ ពេល៥ឆ្នាំកន្លងមកនេះ ។

ដោយឡែក តាមការ ស្រាវជ្រាវបានបង្ហាញថា ក្នុងរយៈពេល២ខែដើម ឆ្នាំ២០១៩នេះ ការនាំចេញស្រូវក្រៅផ្លូវការមានចំនួន ៩០៩ ១៥០ តោន តាមច្រកសំខាន់ៗក្នុងខេត្តជាប់ព្រំដែនចំនួន០៥ ខេត្ត រួមមានខេត្តតា កែវ ព្រៃវែង ស្វាយរៀង កណ្តាល និងខេត្តកំពត។ចំណុចពិសេសមួយទៀតគឺ សម្តេចតេជោនាយ ករដ្ឋមន្រ្តី បានខិតខំយកចិត្តទុកដាក់ជាទីបំផុតក្នុងការជំរុញឱ្យមានការចុះអនុស្សរណៈយោគ យល់គ្នាជាមួយប្រទេសចិន ក្នុងការបង្កើនកូតានាំអង្ករចេញចំនួន៤០ម៉ឺនតោន និងជាមួយប្រទេសវៀតណាមចំនួន ៣០ ម៉ឺនតោនក្នុង១ឆ្នាំ និងទៅ កាន់បណ្តាប្រទេសផ្សេងៗទៀត ។
ចំពោះផលិតកម្មដំណាំកៅស៊ូធម្មជាតិ នៅឆ្នាំ ២០១៨នេះ សម្រេចបានជាង ៤៣៦ ពាន់ហិកតា ។ ការលើកកម្ពស់សុខភាពសត្វ និងជំរុញការចិញ្ចឹមសត្វនាឆ្នាំ២០១៨កន្លងទៅនេះ ក្រសួងបានជំរុញការអនុវត្តច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ ក្នុងគោលដៅពង្រឹងការអនុវត្តស្តង់ដារអនាម័យលើផលិតផលសត្វ ការពង្រឹងនិងជំរុញអនុវត្តវិធានការអនាម័យសត្វ ដើម្បីបង្ការ ទប់ស្កាត់ និងលុបបំបាត់ការឆ្លងរាលដាលជំងឺសត្វ ក៏ដូចជាការការពារសុខភាពសាធារណៈជាចម្បងផងដែរ។