កម្ពុជារៀបចំនីតិវិធីបន្ថែមសម្រួលដល់ការស្នើសុំថតភាពយន្តបរទេស

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

កម្ពុជារៀបចំនីតិវិធីបន្ថែម ដើម្បីសម្រួលដល់ការស្នើសុំថតភាពយន្តបរទេស ខណៈផលិតកម្មអន្តរជាតិ ដែលបានស្នើសុំច្បាប់ និងទិដ្ឋាការថតភាពយន្តនៅកម្ពុជាមានចំនួនកើនឡើងក្នុងរយៈពេលចុងក្រោយនេះ។


ឯកឧត្តម សោម សុគន្ធ រដ្ឋមន្ត្រីស្តីទីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា ក្រសួងបានកំពុងធ្វើសេចក្តីព្រាងប្រកាសស្តីពីតួនាទី ភារកិច្ច និងលក្ខណៈ សម្បត្តិរបស់អ្នកសម្របសម្រួលការផលិតភាពយន្ត ដែលនឹងជួយដល់សកម្មភាពទាក់ទាញផលិតករបរទេសឲ្យមកថតភាពយន្តនៅកម្ពុជាកាន់តែច្រើនឡើងបន្ថែមទៀត។
ថ្លែងក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងប្រកាសស្តីពីតួនាទី ភារកិច្ច និងលក្ខណៈ សម្បត្តិរបស់អ្នកសម្របសម្រួលការផលិតភាពយន្ត នាទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១៣ ខែមីនានេះ ឯកឧត្តមបានបញ្ជាក់ថា នៅពេលកម្ពុជាទទួលបានការមកថតភាពយន្តពីបរទេសកាន់តែច្រើន នឹងជួយជំរុញដល់ចំណូលសេដ្ឋកិច្ចជាតិ និងភាពល្បីរន្ទឺពីប្រទេសកម្ពុជា ព្រមទាំងអាចផ្តល់នូវចំណេះដឹង និងបទពិសោធន៍ដល់ផលិតករក្នុងស្រុកក្នុងការផលិតភាពយន្ត ក៏ដូចជាចូលរួមចំណែកដល់ការការពារ ថែរក្សា កេរ្តិ៍ដំណែលវប្បធម៌ ពង្រឹងអត្តសញ្ញាណជាតិ និងទេសចរបរទេសទៀតផង។
ឯកឧត្តម បានបន្តថា ក្រសួងបានដាក់ចេញគោលដៅយុទ្ធសាស្ត្រ និងអាទិភាពក្នុងការទាក់ទាញផលិតករភាពយន្តឲ្យមកថតភាពយន្តនៅកម្ពុជា តាមរយៈផ្សព្វផ្សាយពីសក្តានុពលនៃទីតាំងថត ការលើកទឹកចិត្តនិងសម្រួលច្បាប់សុំអនុញ្ញាតថត ការរៀបចំឲ្យមានយន្តការច្រកចេញចូលតែមួយក្នុងការផ្តល់សេវាប្រកបដោយគុណភាព និងប្រសិទ្ធភាព ជាដើម។
បើតាមការលើកឡើងរបស់លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានឱ្យដឹងថា នៅពេលអនុវត្តប្រកាសស្តីពីតួនាទី ភារកិច្ច និងលក្ខណៈ សម្បត្តិរបស់អ្នកសម្របសម្រួលការផលិតភាពយន្ត នឹងជំរុញកម្ពុជាជាដែនដីនៃការផលិតភាពយន្តជាតិ និងបរទេស កាន់តែច្រើនឡើងថែមទៀត។ លោកបានបញ្ជាក់ថា ប្រកាសដែលបាននឹងកំពុងឆ្លងយោបល់ពីអ្នកជំនាញផ្នែកច្បាប់ភាពយន្តជាតិ និងបរទេសនេះ នឹងលើកកម្ពស់ដល់ការពង្រឹងការងារគ្រប់គ្រងឧស្សាហកម្មភាពនៅកម្ពុជាប្រកបដោយប្រសិទ្ធភាព ព្រមទាំងលើកទឹកចិត្ត និងបង្កលក្ខណៈងាយស្រួលដល់ផលិតករបរទេសដែលមកផលិតស្នាដៃភាពយន្តនៅកម្ពុជា ដើម្បីរួមចំណែកបង្កើតទីផ្សារការងារដល់ប្រជាជនកម្ពុជា និងរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ក៏ដូចជាបង្កា និងទប់ស្កាត់ផលប៉ះពាល់នានាពាក់ព័ន្ធនឹងសកម្មភាពផលិតស្នាដៃភាពយន្តបរទេសនៅកម្ពុជាផងដែរ។
យោងតាមរបាយការណ៍ពីនាយកដ្ឋានសិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានឱ្យដឹងថា ក្នុងរយៈពេល៨ឆ្នាំចុងក្រោយនេះ កម្ពុជាទទួលបានក្រុមថតភាពយន្តបរទេសជាង៦០០គម្រោង ក្នុងនោះមានខ្សែភាពយន្តខ្នាតវែង-ខ្លី ភាពយន្តឯកសារ ភាពយន្តភាគទូរទស្សន៍ កម្មវិធីទូរទស្សន៍ និងចម្រៀងកាយវិការ និងបាននាំមកនូវថវិកាប្រមាណ៤០លានដុល្លារអាមេរិក ចាក់ចូលចរន្តសេដ្ឋកិច្ចជាតិ ព្រមទាំងបង្កើតឱកាសការងាររាប់ពាន់កន្លែងជារៀងរាល់ឆ្នាំ៕