សម្តេចតេជោហ៊ុន សែន ថាបើគ្នាននយោបាយឈ្នះឈ្នះទេក៏គ្មានថ្ងៃនេះដែរ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ស៊ឹង សុផារី ៖


សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា បើគ្មាននយោបាយឈ្នះឈ្នះទេក៏គ្មានថ្ងៃនេះដែល ហើយ នយោបាយឈ្នះឈ្នះដែលបានបង្កើតនេះធ្វើអោយកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យមានភ្ញៀវបរទេសជាច្រើនមកបោះទុនវិនិយោគនៅកម្ពុជា។
ថ្លែងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង១ម៉ឺននាក់ នៅក្នុងតំបន់ សេដ្ឋកិច្ចពិសេសខេត្តកោះកុងកាលពីថ្ងៃទី១៣ខែមីនាឆ្នាំ២០១៩សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា ចាប់ផ្ដើមពីកត្តាសន្តិភាពតាមរយៈនៃនយោបាយឈ្នះឈ្នះនេះជាចំណុចសំខាន់ដែលប្រជាជនកោះកុងក៏ដូចជាប្រជាជននៅទូទាំងប្រទេសត្រូវស្វែងយល់ ព្រោះនយោបាយនេះធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និង ការអភិវឌ្ឍ ប្រជាពលរដ្ឋរស់នៅដោយសុខក្សេមក្សាន្ត។
សម្តេចតេជោនាយករដ្ឋមន្រ្តីបានអះអាងថា កម្ពុជាទើបតែប្រារព្ធពិធីខួបអនុស្សាវរីយ៍២០ឆ្នាំនៃការអនុវត្តន៍នយោបាយឈ្នះឈ្នះ កាលពីខែធ្នូកន្លងទៅនេះនយោបាយឈ្នះឈ្នះបង្កើតអោយមានសន្តិភាព ហើយបានគ្មាននយោបាយឈ្នះឈ្នះ ក៏គ្មានអ្នកវិនិយោគមកកម្ពុជាបែបនេះដែរ។
«ចំនុចដែលត្រូវចងចាំ មុននិយាយអ្វីៗទាំងអស់ត្រូវនិយាយពីសន្តិភាពជាមុនសិនមិនអាចទៅវិនិយោគទៅកំសាន្តឬទៅធ្វើការងារអ្វីផ្សេងនៅក្រោមទម្ងន់គ្រាប់បែកគ្រាប់ផ្លោងគ្រាប់មីនគ្រាប់កាំភ្លើងនោះទេ ចំណុចបន្តគឺយើងបានទទួលជោគជ័យក្នុងការអនុវត្តយុទ្ធសាស្រ្ត ២យ៉ាងបន្ទាប់ពីសម្រេចជោគជ័យនៃនយោបាយឈ្នះឈ្នះរួចមកហើយនោះយុទ្ធសាស្រ្ត ទីមួយគឺការប្រែក្លាយតំបន់អតីតសមរភូមិទាំងអស់ឲ្យទៅជាតំបន់អភិវឌ្ឍន៍និងទៅជាទីផ្សារនេះជានយោបាយទី១ ដែលជានយោបាយរបស់ខ្ញុំផ្ទាល់ក្នុងការដាក់ចេញនិងដឹកនាំប្រទេស រយៈពេល កន្លងទៅមិនមែនជាការស្រមើលស្រមៃទេតែនេះគឺជាចរិតពិតនិងសភាពពិតដែលបានកើតឡើងនៅលើទឹកដីកម្ពុជា ក្នុងរយៈពេល ២០ ឆ្នាំកន្លងផុតទៅនេះ។ដែលឥឡូវនេះ តំបន់ អតីតសមរភូមិស្ទើរតែ៩០ភាគរយទៅហើយដែលបាននិងកំពុងទទួលបានការអភិវឌ្ឍ នូវសល់ប្រមាណជា ១០ភាគរយដែលកន្លែងនោះមិនទាន់បានអភិវឌ្ឍដោយសារ គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះនៅសេសសល់ដែលយើងកំពុងតែបន្តដើម្បីនឹងបំផ្លាញចោលគ្រាប់មីនគ្រាប់មិនទាន់ផ្ទុះទាំងនោះដើម្បីយកដីធ្លីនេះផ្ដល់ជូនឲ្យប្រជាជនបង្កបង្កើនផលយើងត្រូវបន្តធ្វើកិច្ចការងារនេះបន្តទៀតដូច្នេះអាចនិយាយបានថាតំបន់ដែលធ្លាប់មានការប្រយុទ្ធគ្នាក្នុងអតីតកាលគឺបានប្រែក្លាយទៅជាតំបន់អភិវឌ្ឍន៍និងទៅជាទីផ្សាររួចហើយ។ ឯយុទ្ធសាស្រ្ត មួយទៀតគឺការប្រែក្លាយតំបន់ព្រំដែនរវាងកម្ពុជាជាមួយប្រទេស ជិតខាងទាំងអស់ឲ្យទៅជាតំបន់សន្តិភាពឱ្យទៅជាខ្សែព្រំដែនសន្តិភាពមិត្តភាពសហប្រតិបត្តិការនិងការអភិវឌ្ឍចំនុចនេះខ្ញុំបានខិតខំធ្វើជាមួយដៃគូប្រទេសជិតខាងដែលមានព្រះរាជាណាចក្រថៃមានសាធារណរដ្ឋសង្គមនិយមវៀតណាមមានសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវដែលជាប្រទេសជាប់ព្រំដែនជាមួយយើង ឥឡូវយើងសួរថាបើសិនជាទំនាក់ទំនងរវាងកម្ពុជាថៃស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ចំបាំងរាំងជល់តាមព្រំដែនសួរថាតើនៅតំបន់នេះអាចក្លាយទៅជាតំបន់ដែលមានការអភិវឌ្ឍបានឬទេ? វាពិតជាមិនបានទេព្រោះនៅទីនេះឃ្លាតពីព្រំដែនតែប៉ុន្មានគីឡូម៉ែត្រតែប៉ុណ្ណោះ ហើយបើបាញ់ត្រង់នៅគ្រាប់ផ្លោងទៅវិញគឺកាន់តែចម្ងាយជិតជាងទៅទៀតដូច្នេះ អ្នក វិនិយោគគេក៏សិក្សាមើលដែលថាទំនាក់ទំនងរវាងកម្ពុជានិងព្រះរាជាណាចក្រថៃអាចធ្វើទៅបានទេ ៕