កម្ពុជា-ក្រិក បង្ហាញជំហរបង្កើនទំនាក់ទំនងទ្វេភាគីឲ្យកាន់តែល្អលើគ្រប់វិស័យ

វិទ្យុជាតិកម្ពុជា៖ លោក អាត ចន្ធូ ៖

កម្ពុជា-ក្រិក បង្ហាញជំហរបង្កើនទំនាក់ទំនងទ្វេភាគីឲ្យកាន់តែល្អលើគ្រប់វិស័យ ដើម្បីលើស្ទួយសេដ្ឋកិច្ចឲ្យគ្នាទៅវិញទៅមក ខណៈការដោះដូរពាណិជ្ជកម្មទ្វេភាគីនៅមានកម្រិតតិចតួចនៅឡើយ។
អ្នកយកព័ត៌មានយើងរាយការណ៍បន្ថែម
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់ជំនួបរវាង ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រត្តិបត្តការអន្ដរជាតិ ជាមួយឯកឧត្តម Nicolaos Kaimenakis ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសក្រិក ប្រចាំកម្ពុជា នៅទីស្ដីក្រសួងការបរទេស នៅថ្ងៃទី ១៣ ខែមីនានេះ ឯកឧត្តម កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រត្តិបត្តការអន្ដរជាតិ បានឲ្យដឹងថា ឯកអគ្គរដ្ឋទូតប្រទេសក្រិក បានប្ដេជ្ញាយ៉ាងមុតមាំថា នឹងខិតខំប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីលើកកម្ពស់នូវទំនាក់ទំនង និងកិច្ចសហប្រត្តិបត្តការជាមួយរាជរដ្ឋាភិបាលកម្ពុជា ឲ្យកាន់តែល្អប្រសើរឡើង។ ភាគីទាំងពី នឹងពិគ្រោះយោបល់ និងចែករំលែកនូវបទពិសោធន៍ពីគ្នាទៅវិញទៅមក ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរ ហក់ឡើងដល់កម្រិតចង់បាន។
បើតាមការឲ្យដឹងរបស់អ្នកនាំពាក្យ បានបញ្ជាក់ថា ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន បានឆ្លើយតបវិញ ដោយការលើកឡើងនូវចំណុចសំខាន់មួយចំនួន ដែលពង្រឹងដល់ការអភិវឌ្ឍ និងភាពរីកចម្រើនរវាងប្រទេសទាំងពីរ ពិសេសលើវិស័យទេសចរណ៍ វប្បធម៌ ប្រពៃណី នយោបាយ ប្រជាជននិងប្រជាជន និងវិស័យផ្សេងៗជាច្រើនទៀត ។
«ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានស្នើឡើងនូវចំណុចមួយចំនួន ជូនឯកអគ្គរដ្ឋទូតសម្រាប់ គោលដៅនៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ។ ទី១-ស្នើសុំឲ្យមានការបង្កើតយន្តការនៃពិគ្រោះយោបល់នយោបាយ រវាងក្រសួងការបរទេសទាំងពីរ ដែលជាយន្ដការដើម្បីធ្វើយ៉ាងណាអាចផ្លាស់ប្ដូរទស្សនៈ និងស្វែងយល់ពីគ្នាទៅវិញទៅមក ។ ទី២-ស្នើឲ្យមានការបង្កើតកុងស៊ុលកិត្តិយស នៅក្នុងប្រទេសក្រិក ក៏ដូចជាកម្ពុជាថែមទៀត ដើម្បីធ្វើយ៉ាងណាជំរុញទំនាក់ទំនងសេដ្ឋកិច្ច វប្បធម៌ ប្រជាជននិងប្រជាជន»។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានស្នើឲ្យបង្កើនកិច្ចសហប្រតិបត្តិករលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរផងដែរ។
គិតត្រឹមឆ្នាំ២០១៧ ទំនាក់ទំនងពាណិជ្ជកម្ម រវាងកម្ពុជា និងក្រិក មានទំហំទឹកប្រាក់ប្រមាណជាង១៥លានដុល្លារអាមេរិក៕