សម្តេចតេជោបានអះអាងថា យុទ្ធសាស្រ្តចំនួន២បន្ទាប់ពីនយោបាយឈ្នះៗ បានធ្វើឲ្យកម្ពុជាមានការរីកចំរើនគ្រប់វិស័យ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ែន​ វុទ្ធី​៖

សម្តេចតេជោបានអះអាងថា យុទ្ឋសាស្រ្តចំនួន២របស់សម្តេចបន្ទាប់ពីយុទ្ធសាស្រ្តនយោបាយឈ្នះៗបានធ្វើឲ្យកម្ពុជាមានការរីកចំរើនលើគ្រប់វិស័យ ហើយបានកែប្រែតំបន់មួយចំនួនឲ្យក្លាយជាតំបន់មានការអភិឌ្ឍ និងទីផ្សារសម្រាប់ការវិនិយោគ។
ថ្លែងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង១ម៉ឺននាក់ នៅ ក្នុងតំបន់ សេដ្ឋកិច្ចពិសេស ខេត្តកោះកុង កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា យុទ្ធសាស្រ្តទំាង២នេះ គឺទី១យុទ្ធសាស្រ្តបោសសំអាតផ្ទៃដីដែលមានគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងទី២ គឺយុទ្ធសាស្រ្តកសាងមិត្តិភាពនិងកិច្ចសហប្រតិបត្តិការនៅតាមខ្សែបន្ទាត់ព្រំដែនជាមួយប្រទេសជិតខាង។
សម្តេចតេជោនាយករដ្ឋមន្រ្តីអះអាងថា ការអនុវត្តយុទ្ធសាស្រ្តទំាងនេះបានធ្វើឲ្យកម្ពុជា ទទួលបានការអភិវឌ្ឍយ៉ាងឆាប់រហ័ស កាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារគ្រាប់មីននិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ហើយប្រើប្រាស់ដីទំាងនោះធ្វើកសិកម្មយ៉ាងមានប្រសិទ្ធភាព។
«ខ្ញុំចង់គូសបញ្ចាក់នៅទីនេះប្រាប់ថា យុទ្ធសាស្រ្ត២បន្ទាប់ពីយុទ្ធសាស្រ្តនយោបាយឈ្នះៗហើយដែលហ៊ុនសែនបានដាក់ចេញនឹងដឹកនាំ យុទ្ធសាស្រ្តទីមួយគឺប្រែក្លាយជាតំបន់អតីតសមរភូមិទាំងអស់ឲ្យក្លាយទៅជាតំបន់អភិវឌ្ឍនិងទីផ្សារ បាននិងកំពុងទទួលជោគជ័យអាចនិយាយបានថា៩០ភាគរយរួចស្រេចទៅហើយ នៅសល់១០ភាគរយទៀតគឺមិនមានអ្វីដែលរារាំងទេ។ តែឃាតករលាក់មុខកំពុងតែរារាំងគឺគ្រាប់មីន គ្រាប់មិនទាន់ផ្ទុះ ដែលចាំបាច់ត្រូវដោះបំផ្លាញចោលគ្រាប់មីនគ្រាប់មិនទាន់ផ្ទុះ ដើម្បីឲ្យទីនោះក្លាយជាតំបន់ដាំដុះរបស់កសិកររបស់យើង។ ឯទីពីរនយោបាយកសាងខ្សែព្រំដែនជាមួយប្រទេសជិតខាងឲ្យទៅជាព្រំដែនសន្តិភាពមិត្តភាពសហប្រតិបត្តិការនិងការអភិវឌ្ឍបាននិងទទួលជោគជ័យហើយចំណុចនៅសល់បន្តិចបន្តួចវាជារឿងធម្មតាខ្លាំងណាស់រវាងប្រទេសមួយនិងប្រទេសមួយប៉ុន្តែយើងអត់ធ្មត់ដោះស្រាយបញ្ហាជាមួយគ្នាដោយសន្តិវិធីរឿងនេះគឺយើងបាននិងកំពុងធ្វើជាមួយប្រទេសជិតខាងរបស់យើង ៕