សហភាពអឺរ៉ុប(EU) ប្ដេជ្ញាបន្ដពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរថែមទៀតជាមួយកម្ពុជា

វិទ្យុជាតិកម្ពុជា៖ លោក អាត ចន្ធូ ៖


សហភាពអឺរ៉ុប(EU) ប្ដេជ្ញាបន្ដពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀតជាមួយកម្ពុជា ដើម្បីជំរុញទំនាក់ទំនងទ្វេភាគី និងលើកស្ទួយវិស័យពាណិជ្ជកម្មឲ្យកាន់តែរឹងមាំ។


ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់ជំនួបរវាងឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រត្តិបត្តការអន្ដរជាតិ ជាមួយឯកឧត្តម George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ដែលត្រូវចប់អាណត្ដិនៅកម្ពុជា កាលពីល្ងាចថ្ងៃទី១២ ខែមីនា ឯកឧត្តម កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រត្តិបត្តការអន្ដរជាតិ បានឲ្យដឹងថា ឯកឧត្តម ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានថ្លែងអំណរគុណដល់ប្រមុខកាទូតកម្ពុជា ដែលបានផ្ដល់កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ នាពេលកន្លងមក ដែលរួមមានទាំងការពិភាក្សាគ្នាប្រកបដោយភាពបើកចំហរ និងស្មោះត្រង់ លើកិច្ចការជាច្រើន។ ឯកឧត្តមអ្នកនាំពាក្យ បានឲ្យដឹងទៀតថា ភាគីតំណាងសហភាពអឺរ៉ុបបានសម្ដែងនូវការរីករាយ និងពេញចិត្តដែលបានធ្វើការជាមួយក្រសួងការបរទេសកម្ពុជា រយៈពេល៣ឆ្នាំមកនេះ។
ឯកឧត្តម កេត សោផាន់ បានបន្តថា ជាការឆ្លើយតប ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន បានអបអរសាទរចំពោះ ឯកឧត្តម George Edgar ដែលបានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា ប្រកបដោយជោគជ័យខ្ពស់។ ជាមួយគ្នានេះ ក៏បានថ្លែងអំណរគុណចំពោះសហគមន៍អឺរ៉ុប ដែលបានគាំទ្រ ក៏ដូចជាផ្ដល់ជំនួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា ឲ្យរួចផុតពីភាពក្រីក្រ ក្នុងរយៈពេល ២៥ឆ្នាំកន្លងមកនេះ។
«ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន បានសម្ដែងនូវការរីករាយនៅពេលដែល EU បានវាយតម្លៃជាវិជ្ជមានជាច្រើន ជុំវិញទំនាក់ទំនងទ្វេភាគី ដែលជាការពិត ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-EU គឺបានផ្ដល់ផលប្រយោជន៍ទាំងសងខាងយ៉ាងល្អប្រសើរ»។
ឯកឧត្តម កេត សោផាន់ បានបន្តដោយលើកយកអំណះអំណាងរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន ថ្លែងទៅកាន់ឯកឧត្តម George Edgar ថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្ដជម្រាបជូន សហភាពអឺរ៉ុបអំពីវិធានការជាក់ស្ដែងនានា ពិសេសការពង្រីកលំហប្រជាធិបតេយ្យ និងនីតិរដ្ឋ ដែលពាក់ព័ន្ធនឹងការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕