មន្រ្តីជំនាញសុខាភិបាលបង្ហាញអំពីវិធីបង្ការការពារអ្នកជំងឺក្រោយពេលដែលឆ្កែខាំ

វិទ្យុជាតិកម្ពុជា៖ អត្ថបទ៖ ធីណា ឌីណេ
ភ្នំពេញ៖មន្រ្តីជំនាញសុខាភិបាលបានបង្ហាញអំពីវិធីសាស្រ្តជាច្រើនពាក់ព័ន្ធបង្ការការពារអ្នកជំងឺ ក្រោយពេលដែលឆ្កែខាំ ដើម្បីជួយសង្គ្រោះជីវិតមនុស្សបានទាត់ពេលេវេលា ឈានទៅ កាត់បន្ថយអត្រាស្លាប់ដោយសារតែជំងឺឆ្កែឆ្កួតនៅកម្ពុជា។

លោកវេជ្ជ លី សូវ៉ាន់ ប្រធាននាយកដ្ឋាន ប្រយុទ្ធនិងជំងឺឆ្លង នៃក្រសួងសុខាភិបាល មានប្រសាសន៍នៅក្នុងកម្មវិធី ជីវិតយើង សង្គមយើងថា៖ នៅពេលដែលប្រជាពលរដ្ឋត្រូវឆ្កែខាំ ឆ្មាខំាឬខ្វាច ហើយនៅឆ្ងាយពីមជ្ឈមណ្ឌលចាក់វ៉ាក់សាំង គួរតែអនុវត្តនូវវិធីសាមញ្ញមួយចំនួនងាយៗ ដោយត្រូវចាក់បង្ហូរទឹកនៅពីលើរបួសរយៈពេល១០នាទី បន្ទាប់មកទៀត លាងជាមួយសាប៊ូ នៅលើរបួសថ្នមៗរយៈពេល៥នាទី ដើម្បីកុំឲ្យមេរោគសាយភាយទៅលឿន ចូលទៅក្នុងសរសៃប្រសាទ។ លោកបានអះអាងថា ការអនុវត្តវិធីសាស្រ្តងាយៗនេះ អាចកាត់បន្ថយនូវភ័យនៃការកើតជំងឺឆ្កួត នៅពេលដែលរងរបួសដោយសត្វ ឆ្កែឆ្មាខាំ ឬខ្វាច។
លោកវេជ្ជបានឲ្យដឹងទៀតថា ប្រសិនបើចាក់វ៉ាក់សាំងការពារជំងឺបង្ការឆ្កែឆ្កួតហើយ បើបានឃើញឆ្កែនោះនៅរស់លើសពី១០ថ្ងៃ គឺឆ្កែនោះគឺគ្មានផ្ទុកនូវមេរោគដោយជំងឺឆ្កែឆ្កួតនោះទេ តែបើក្នុងករណីឆ្កែនោះងាប់ក្នុងរយៈពេលតិចជាង ១០ថ្ងៃ គឺឆ្កែមានផ្ទុកនូវជំងឺឆ្កែឆ្កួត ដូច្នេះបងប្អូនត្រូវទៅចាក់វ៉ាក់សាំបង្ការនៅ ឯមជ្ឈមណ្ឌលដែលនៅជិតផ្ទះរបស់ខ្លួន ។
សំឡេង៖ មេរោគរឆ្កែឆ្កួតនេះ តែងតែកើតមានទៅលើសត្វឆ្កែ ៩០ភាគេយ មានឆ្មា ជ្រូកនិងសត្វប្រចៀវតិចតួច ដែលសត្វទាំងនេះ ងាយចម្លងមកមនុស្សនៅពេលដែលវាខាំ។ ប្រសិនជាការល្អបើឃើញឆ្កែ ឬឆ្មា ណាមួយឈឺខុសពីប្រក្រតីនោះត្រូវនៅឲ្យឆ្ងាយពីវា ព្រោះថាជំងឺឆ្កែឆ្កួត វាអាចប៉ះពាល់ទៅប្រព័ន្ធសរសៃប្រសាទរបស់សត្វ ហើយវាក៏អាចប្រែប្រួលនូវអារម្មណ៍របស់វា ដូចជាសត្វនោះធ្លាប់តែស្លូតៗសោះ តែបែរជាកាច ហើយគ្រហឹមដាក់យើង ហើយខាំ ដូច្នេះគឺសត្វនោះមានហានិភ័យខ្ពស់ ប៉ុន្តែក្នុងករណីឆ្កែខ្លះទៀត បើសិនជាវាខាំហើយប៉ុន្តែតិចជាង ១០ថ្ងៃ បែកជាវិញ អញ្ចឹងបានន័យថាសត្វនោះ មិនមែន ជំងឺឆ្កែឆ្កួតនោះទេ។ ប៉ុន្តែជាធម្មតាបើសិនជាសត្វនោះអាចនឹងងាប់តិចជាង ១០ថ្ងៃ ចឹងសត្វនោះគឺមានមេរោគឆ្កែឆ្កួតហើយ ដែលទាមទារឲ្យយើងត្រូវតែប្រញាប់ប្រញាល់ទៅចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួតនៅឯមជ្ឈមណ្ឌលដែលនៅជិតផ្ទះរបស់ខ្លួន។
គួរំលឹកថា កាលពីពេលថ្មីៗនេះ ប្រជាពលរដ្ឋបានសម្រុកទៅចាក់ថ្នាំវ៉ាក់សំាង ការពារជម្ងឺឆ្កែឆ្កួតយ៉ាងណែនតាន់តាប់នៅវិទ្យាស្ថានប៉ាស្ទ័រ ដោយសារតែមានការភ័យខ្លាចជំងឺឆ្កែឆ្កួត ក្រោយពីមានមនុស្សស្លាប់ ដោយសារតែឆ្កែ និងឆ្មារខាំ ដែលពួកគាត់មិនធ្លាប់បានទៅ ចាក់វ៉ាក់សាំងបង្ការជំងឺមួយនេះពីមុនមក។
ភ្លាមៗនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឲ្យប្រជាពលរដ្ឋត្រូវស្វែងយល់ពីជម្ងឺនេះអោយបានច្បាស់ ហើយក៏បានស្នើឲ្យគ្រូពេទ្យ ត្រូវយកចិត្ដទុកដាក់ នៅពេលដែលមានមានឆ្កែ ឆ្មា ឬក៏សត្វខាំ ត្រូវតែប្រញាប់រកវ៉ាកសាំង ចាក់ការពារជូនពួកគាត់ជាបន្ទាន់ ដោយមានការពិគ្រោះយោបល់ជាក់លាក់ត្រឹមត្រូវជាមុនសិន៕