រាជរដ្ឋាភិបាលកម្ពុជាជំរុញការពង្រឹងវិស័យការទូតដើម្បីនាំមកនូវកំណើនសេដ្ឋកិច្ចជាតិ

វិទ្យុជាតិកម្ពុជា៖ លោក អាត ចន្ធូ ១២ ០៣ ២០១៩
ភ្នំពេញ៖ ៖ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ផែនការ ជំរុញការពង្រឹងវិស័យការទូត ដើម្បីនាំមកនូវកំណើនសេដ្ឋកិច្ចជាតិ ក្នុងឱកាសដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអាស៊ី-អ៊ឺរ៉ុប នាឆ្នាំ២០២០ខាងមុខនេះ។
ថ្លែងក្នុងឱកាសអបអរសាទរទិវា ASEM DAY ក្រោមប្រធានបទ ”កម្ពុជាឆ្ពោះទៅកិច្ចប្រជុំកំពូលអាស៊ី-អ៊ឺរ៉ុបលើកទី១៣ ឆ្នាំ២០២០ និងគោលនយោបាយការបរទេសកម្ពុជាក្នុងបរិបទសកលបច្ចុប្បន្ន”កាលពីថ្ងៃទី១១ ខែមីនា ឯកឧត្តម ឧបនាយរដ្ឋមន្រ្ដី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រត្តិបត្តការអន្ដរជាតិ បានបញ្ជាក់ថា រាជរដ្ឋាភិបាល ត្រូវធ្វើការកែទម្រង់ខាងក្នុង និងបង្កើនមិត្តខាងក្រៅ ក្នុងស្មារតីពង្រឹងឯករាជ្យ និងអធិបតេយ្យភាពជាតិ ដើម្បីបន្ដបង្កើនទំនាក់ទំនង សកម្មភាពការទូត ដើម្បីពង្រឹងពង្រីកចំណងមិត្តភាព និងសហប្រតិបត្តិការជាមួយប្រទេសនានា នៅលើលោកឲ្យកាន់តែច្រើនថែមទៀត ដើម្បីលើកស្ទួយផលប្រយោជន៍ និងកិត្យានុភាពជាតិកម្ពុជា។
ឯកឧត្តម បន្តថា គោលនយោបាយក្នុងស្រុក និងគោលនយោបាយការបរទេស បានបំពេញឲ្យគ្នាទៅវិញទៅមក ហើយមានទំនាក់ទំនងមិនអាចកាត់ផ្ដាច់ពីគ្នាបានឡើយ ដោយសារសភាពការណ៍តំបន់ និងពិភពលោក កំពុងវិត្តប្រែប្រួលយ៉ាងឆាប់រហ័ស ស្មុគស្មាញ មិនអាចប៉ាន់ស្មានបាន និងប្រកបដោយគ្រោះថ្នាក់។ ឯកឧត្តម ឧបនាយរដ្ឋមន្រ្ដី មានប្រសាសន៍ថា កម្ពុជាត្រូវកាច់ចង្កូតនាវាដោយភាពប្រុងប្រយត្ន័ខ្ពស់ សម្រាប់ការអនុវត្តគោលនយោបាយការបរទេស ដើម្បីតបនឹងការប្រែប្រួលសម្ពាធភូមិសាស្ដ្រនយោបាយ និងការប្រកួតប្រជែងដ៏តានតឹង របស់មហាអំណាចនានា។
បើតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា តំបន់អាស៊ី-ប៉ាស៊ីហ្វិក នឹងនៅតែជាចំណុចកណ្តាលនៃការប្រកួតប្រជែងរបស់មហាអំណាចធំៗ បន្ទាប់ពីការងើបឡើងរបស់បណ្តាប្រទេសនៅអាស៊ី នាំមុខដោយ ចិន ជប៉ុន ឥណ្ឌា កូរ៉េខាងត្បូង និងអាស៊ាន ដែលកំពុងធ្វើឲ្យជញ្ជីងអំណាចផ្អៀងពីភាគខាងលិច មកភាគខាងកើត៕