គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកជំរុញការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកដល់មន្ត្រីរាជការ

វិទ្យុជាតិកម្ពុជា៖ ដោយ៖ ស្រីផល
ភ្នំពេញ៖គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកជំរុញការអប់រំផ្សព្វផ្សាយ​លើកកម្ពស់សុវត្ថិភាពចរាចរណ៍​ផ្លូវ​គោកដល់​មន្ត្រីរាជការនៅតាមក្រសួងស្ថាប័នទំាងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិដើម្បី រួមចំណែកទប់ស្កាត់បញ្ហា​សោក​នាដកម្មនានានៅតាមដងផ្លូវ។

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានណែនាំដល់គ្រប់ក្រសួងស្ថាប័ន រដ្ឋទំាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ​ត្រូវធ្វើសកម្មភាពអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបទដ្ឋានសុវត្ថិភាពចរាចរណ៍ឲ្យបានជាប្រចាំ ពោល​គឺយ៉ាង​តិចមួយខែម្តងដើម្បីលើកកម្ពស់ការប្រុងប្រយ័ត្ន ធានាសុវត្ថិភាពក្នុងការធ្វើចរាចរណ៍។

បន្ថែមពីនេះទៀតគឺកសាងបទបញ្ជាផ្ទៃក្នុង ជំរុញអនុវត្តឲ្យបានខ្ជាប់ខ្ជួនស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកដូចជា៖ ការ​ពាក់ខ្សែក្រវ៉ាត់ពេលធ្វើដំណើរតាមរថយន្ត ពាក់មួកសុវត្ថិភាពពេលធ្វើដំណើរតាមទោចក្រយានយន្ត ត្រួត​ពិនិត្យលក្ខណៈបច្ចេកទេសយានយន្តនិងការបើកបរមិនស្ថិតក្រោមឥទ្ធិពលនៃជាតិស្រវឹង ព្រមទាំងចាត់​វិធាន​ការត្រួតពិនិត្យឲ្យបានតឹងរឹងជុំវិញការគោរពបទបញ្ជាផ្ទៃក្នុង នៅតាមច្រកចេញចូលគ្រប់ក្រសួងស្ថាប័ន។

យោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានឲ្យដឹងថា ការជំរុញលើក​កម្ពស់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់មន្រ្តីរាជការនេះ ដោយហេតុថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ផ្លូវ​គោកនៅតែជាបញ្ហាប្រឈមចំពោះមុខ និងយូរអង្វែងបង្កឲ្យមានអ្នកស្លាប់របួសពិការខូចខាតទ្រព្យសម្បត្តិ ជារៀងរាល់ថ្ងៃគួរឲ្យព្រួយបារម្ភ ។

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកសង្ឃឹមយ៉ាងមុតមាំថាគ្រប់ក្រសួងស្ថាប័នទាំងអស់នឹងចូលរួមជំរុញការអនុ​វត្ត​នូវស្មារតីខាងលើ ដែលអាចជួយកាត់បន្ថយគ្រោះថ្នាក់ និងជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ រួមចំណែក​ក្នុង​ការអនុវត្តគោលនយោបាយ កាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល៕