វាយប្រហារពីអាកាសដឹកនាំដោយអាម៉េរិកសម្លាប់មនុស្ស៥០នាក់ ក្នុងប្រទេសស៊ីរីខាងកើត

AKP ភ្នំពេញ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ — ទីភ្នាក់ងារព័ត៌មានរដ្ឋ SANA  រាយការណ៍ថា មនុស្សយ៉ាងហោចណាស់៥០ នាក់បានស្លាប់កាលពីថ្ងៃ ចន្ទ ដោយការវាយប្រហារពីអាកាសដឹកនាំដោយអាម៉េរិក ទៅលើទីតាំងរដ្ឋអ៊ិស្លាម ( IS ) ចុងក្រោយក្នុងប្រទេសស៊ីរីខាងកើត​ ។

ការវាយប្រហារពីអាកាសបានផ្តោតទៅលើតំបន់ដែល ​IS  កាន់កាប់ក្នុងទីក្រុង Baghouz ទីជនបទភាគខាងកើតនៃខេត្ត ដែរ អាល់ – ហ្សូរ ។ សេចក្តីរាយការណ៍បាននិយាយថា ភាគច្រើននៃអ្នកស្លាប់​ គឺជាស្ត្រី និងកូនក្មេង ។

រឿងនេះបានកើតឡើងនៅពេលដែលកងកម្លាំងប្រជាធិបតេយ្យស៊ីរី ( SDF  ) ដែលអាម៉េរិក​គាំទ្របានប្រកាសពីថ្ងៃអាទិត្យ បន្តឡើងវិញការវាយប្រហារទៅលើទីតាំងចុងក្រោយរបស់ IS ក្នុងប្រទេសស៊ីរីខាងកើត បន្ទាប់ពីពេលកំណត់ដែលបានផ្តល់ឱ្យ IS  និងគ្រួសាររបស់ពួកគេ​ ។

ពេលកំណត់សម្រាប់ការចុះចូលរបស់ពួកសកម្មប្រយុទ្ធ IS  និងសមាជិកគ្រួសាររបស់ពួកគេបានចប់កាលពីរសៀលថ្ងៃអាទិត្យ បន្ទាប់ពីនោះមកប្រតិបត្តិការរបស់​ SDF បានបន្តឡើងវិញនៅក្នុងកសិដ្ឋាន Baghouz ។

មនុស្សរាប់ពាន់នាក់ដែលរួមមានទាំងពួកសកម្មប្រយុទ្ធ IS ផងបានចាកចេញដោយឡែកអ្នកដទៃទៀតនៅតែស្ថិតនៅក្នុងតំបន់នោះនៅឡើយ ដោយបដិសេធមិនព្រមចុះចូល  ។

SDF  ដែលដឹកនាំដោយពួកឃឺដគាំទ្រដោយក្រុមចម្រុះដឹកនាំដោយអាម៉េរិកបានបើកធ្វើការវាយកម្ទេចដើម្បីបំបាត់ IS   ចេញពីតំបន់ទន្លេអឺហ្វ្រាតភាគខាងកើត ចាប់តាំងពីខែកញ្ញា ឆ្នាំ កន្លងទៅ ។

ពួកសកម្មប្រយុទ្ធ IS ឥឡូវនេះ ត្រូវបានគេហ៊ុំព័ទ្ធនៅក្នុងតំបន់មួយទំហំតូចជាង ២គីឡូម៉ែត្រក្រឡា នៅក្នុងកសិដ្ឋាន  Baghouz ។

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )