ប្រទេសកូរ៉េខាងជើងនឹងកំណត់ចំនួនភ្ញៀសទេសចរបរទេស ដោយចាប់ផ្តើមនៅសប្តាហ៍ក្រោយនេះ

AKP ភ្នំពេញ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ — ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសចិនបានរាយការណ៍នៅថ្ងៃអង្គារនេះថា ប្រទេសកូរ៉េ​ខាងជើង នឹងចាប់ផ្តើមការដាក់កម្រិតនូវលំហូរនៃភ្ញៀវទេសចរបរទេស​ដោយចាប់ផ្តើមនៅ​សប្តាហ៍ក្រោយនេះ ខណៈពេលដែលខ្លួនកំពុងតែតស៊ូដើម្បីដោះស្រាយ​ទៅនឹងការកើនឡើង​មួយនៃចំនួនភ្ញៀសទេសចរ បន្ទាប់ពីកិច្ចប្រជុំកំពូលអាម៉េរិក-កូរ៉េខាងជើងលើកដំបូង​កាល​ឆ្នាំកន្លងទៅនេះ។

សារព័ត៌មាន Global ដែលគ្រប់គ្រងដោយរដ្ឋ បាននិយាយដោយយោងតាមប្រភព​មួយឱ្យដឹងថា ប្រទេសកូរ៉េខាងជើង​គ្រោងនឹងដាក់កំណត់នូវចំនួនភ្ញៀវទេសចរទៅ​កាន់​ប្រទេសនេះ ឱ្យមកនៅត្រឹមតែ​១០០០នាក់ក្នុងមួយថ្ងៃ ដោយចាប់ផ្តើមនៅថ្ងៃចន្ទសប្តាហ៍​ក្រោយនេះ។

ដោយនិយាយទៀតថា ចំនួនភ្ញៀវទេសចរបរទេសទៅកាន់ប្រទេសកូរ៉េខាងជើង បានកើនឡើងយ៉ាងខ្លាំងក្នុងអំឡុងខែមិថុនា និងខែសីហា កាលពីឆ្នាំកន្លងទៅ​ដែលមាន​ភ្ញៀវទេសចរជាមធ្យមប្រចាំថ្ងៃប្រមាណ១៨០០នាក់​។

ការកើនឡើងនេះបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំកំពូលលើកទី១ ដែលមិនធ្លាប់មានពីមុន​មករវាងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុង-អ៊ុន និង​ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ កាលពីខែមិថុនា ឆ្នាំកន្លងទៅ នៅក្នុងប្រទេសសិង្ហបុរី ដោយពួកអ្នកសង្កេតការណ៍បាន​និយាយថា ត្រូវបានកើនឡើងតាមរយៈ ការយកចិត្តទុកដាក់ពីរដ្ឋផ្តាច់ការមួយនេះ។​

តាមរបាយការណ៍បានឱ្យដឹងទៀតថា ប្រមាណជា៨០ភាគរយ​នៃភ្ញៀវទេសចរណ៍​បរទេស​​នៅប្រទេសកូរ៉េខាងជើង​ គឺមកពីប្រទេសចិន៕

( ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល )