ប្រធានាធិបតីចិនផ្ញើសារចូលរួមមរណទុក្ខជូន ប្រធានាធិបតីអេត្យូពី និង កេនយ៉ា ចំពោះការធ្លាក់យន្តហោះ

AKP ភ្នំពេញ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ — ប្រធានាធិបតីចិនលោក ស៊ី ជីនពីង (​Xi Jinping ) កាលពីថ្ងៃចន្ទ បានផ្ញើសារសម្តែងសមានទុក្ខ ​រៀងៗខ្លួនទៅឱ្យសមភាគី អេត្យូពី និង កេនយ៉ា ចូលរួមមរណទុក្ខជូនប្រធានាធិបតីអេត្យូពី និង កេនយ៉ារបស់លោក គឺលោក Sahle –Work Zewde និង លោក Uhuru Kenyatta ចំពោះការធ្លាក់យន្តហោះដែលបានសម្លាប់មនុស្ស១៥៧ នាក់ កាលពីថ្ងៃអាទិត្យ ។

នៅក្នុងសាររបស់លោក លោក ស៊ី បាននិយាយថា លោកមានការក្តុកក្តួល ដែលបានដឹងអំពីការធ្លាក់យន្តហោះក្រុមហ៊ុនយន្តហោះ អេត្យូពីនឹងការខូចខាតយ៉ាងធំដែលវាបានបង្កឡើងដែលរួមមានទាំងជនរងគ្រោះអេត្យូពី, កេនយ៉ា និងចិនផងនោះ ។

ក្នុងនាមរដ្ឋាភិបាលចិន និងប្រជាជនចិន នឹងក្នុងនាមខ្លួនលោកផ្ទាល់លោកបានសម្តែងការចូលរួមមរណទុក្ខយ៉ាងជ្រាលជ្រៅដល់ជនរងគ្រោះ ​ព្រមទាំងសម្តែងនូវសមានទុក្ខរបស់លោកដល់គ្រួសារអ្នកដែលស្លាប់ ។ លោក ស៊ី បាននិយាយថា លោកមានជំនឿថា រដ្ឋាភិបាលអេត្យូពីមានសមត្ថភាពដោះស្រាយបានយ៉ាងត្រឹមត្រូវនូវផលនៃសោកនាថកម្មនេះ ។ លោកបាននិយាយបន្ថែមថា ប្រទេសចិននឹងផ្តល់ឱ្យនូវការ គាំទ្រនិង ជំនួយដែលចាំបាច់ណាមួយ ។

ក៏កាលពីថ្ងៃចន្ទនេះផងដែរ នាយករដ្ឋមន្ត្រីចិនលោក លី កេឈាំង ( Li Keqiang ) បានផ្ញើសារមួយទៅឱ្យសមភាគី អេត្យូពីរបស់លោក គឺលោក Abiy Ahmed ដោយសម្តែងនូវសមានទុក្ខរបស់លោក ចំពោះការធ្លាក់យន្តហោះនេះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )