គម្រោងឧស្សាហកម្មជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ប្រមាណ​២១០.០០០នាក់នៅតំបន់ទីបេ

AKP ភ្នំពេញ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ — ប្រជាពលរដ្ឋសរុបប្រមាណ ២១០.០០០នាក់​ត្រូវបានកាត់បន្ថយភាពក្រីក្រតាម​រយៈគម្រោង​អភិវឌ្ឍន៍ឧស្សាហកម្ម នៅក្នុងរយៈពេលបីឆ្នាំកន្លងទៅនេះ ក្នុងតំបន់ស្វយ័ត​ទីបេ របស់ប្រទេសចិន ភាគនិរតី​។

ការិយាល័យអភិវឌ្ឍន៍ និងការកាត់បន្ថយភាពក្រីក្រ​ក្នុងតំបន់​បាននិយាយថា ចាប់ពីឆ្នាំ​២០១៦ រហូតដល់ឆ្នាំ២០១៨កន្លងទៅនេះ បានលំហូរនូវទឹកប្រាក់ប្រមាណ​ជិត ២៩ប៊ីលាន​យ៉ាន់ (ស្មើនឹងប្រមាណ​៤.៣ប៊ីលានដុល្លារអាម៉េរិក​) ដើម្បីអភិវឌ្ឍន៍គម្រោងឧស្សាហកម្ម​ប្រមាណ ២.២៦៣គម្រោង​ ក្នុងគោលបំណងដើម្បីជួយការបន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ​ដែល​​ក្រីក្រ តាមរយៈការជំរុញកិច្ចអភិវឌ្ឍន៍​នៅតាមតំបន់ជនបទនានា ព្រមទាំងការជំរុញនូវ​ប្រាក់​ចំណូល​របស់ពួកគេ។​
តាមការិយាល័យបានឱ្យដឹងថា រហូតមកដល់ពេលនេះ គម្រោងប្រមាណ ១.៤៩៣​គម្រោង​​ត្រូវបានបញ្ចប់ និងមានប្រជាពលរដ្ឋប្រមាណ​២១០.០០០នាក់ ដែលបានជាប់ទាក់ទង​នៅក្នុងគម្រោងទាំងនេះ បានជៀសផុតពីភាពក្រីក្រ។

នៅដំណាច់ឆ្នាំ២០១៥​ តំបន់ទីបេ បានរាយការណ៍ថា មនុស្សប្រមាណ ៥៩០.០០០នាក់​កំពុងរស់នៅក្នុងភាពក្រីក្រ ខណៈដែលជាង៤០ភាគរយ នៃពួកគេទាំងនោះ ត្រូវបានគេគ្រោង​នឹងកាត់បន្ថភាពក្រីក្រ​តាម រយៈការអភិវឌ្ឍឧស្សាហកម្ម​។
គម្រោងកាត់បន្ថយភាពក្រីក្រតាមរយៈឧស្សាហកម្មនេះ ផ្តោតលើផ្នែកកសិកម្ម ការចិញ្ចឹម​​សត្វ ពាណិជ្ជកម្ម និងការដឹកជញ្ជូន​ វប្បធម៌ទេសចរណ៍ និងប្រភពនៃការធ្វើ​អាជីវកម្មផ្សេងៗទៀត។

តំបន់ទីបេ​ ទទួលបាននូវវឌ្ឍនភាពគួរឱ្យកោតសរសើរក្នុងដំណើរការនៃកាត់បន្ថយ​ភាពក្រីក្រ​កាលពីឆ្នាំ២០១៨កន្លងមកនេះ ដោយមានប្រជាពលរដ្ឋប្រមាណ ១៨០.០០០នាក់​បានរួចផុតពីភាពក្រីក្រ​។ តំបន់នេះ បានសន្យាថា នឹងធ្វើឱ្យប្រជាពលរដ្ឋប្រមាណ​១៥០.០០០​នាក់ចាកចេញពីភាពក្រីក្រ និងលប់បំបាត់ភាពក្រីក្រទាំងស្រុង​នៅក្នុងឆ្នាំនេះ។

ដើម្បីសម្រេចបាននូវគោលដៅនេះ តំបន់នេះ បានសន្យាថា នឹងជំរុញកិច្ចអភិវឌ្ឍន៍​បន្ថែមទៀត ដែលទាក់ទងទៅនឹងផ្នែកឧស្សាហកម្ម និងការបង្កើតការងារធ្វើ​សម្រាប់តំបន់​នានា​បន្ថែមទៀត៕

( ប្រភព ស៊ីនហួ: បកប្រែដោយលោក មាស សំអុល )