សន្តិសុខនៅប្រទេសថៃភាគខាងត្បូងត្រូវបានរឹតបន្តឹង បន្ទាប់ពីមានការវាយប្រហារដោយគ្រាប់បែក

AKP ភ្នំពេញ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩​ — សន្តិសុខនៅប្រទេសថៃភាគខាងត្បូងត្រូវបានពង្រឹងបន្ថែមទៀត បន្ទាប់ពីការបំផ្ទុះគ្រាប់បែកជាបន្តបន្ទាប់ដែលវាយប្រហារខេត្តសាទុន និងខេត្តផាតថាលុង កាលពីចុងសប្តាហ៍មុន។

ការបំផ្ទុះនេះបានកើតឡើងកាលពីថ្ងៃទី៩ និងថ្ងៃទី១០ ខែមីនា ដោយមិនមានជនណាម្នាក់រងរបួសឡើយ។ ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ ក៏វាបានបណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិសាធារណៈ និងឯកជននៅក្នុងខេត្តទាំងពីរនោះ ដែលមិនធ្លាប់ត្រូវបានវាយប្រហារដោយក្រុមបះបោរពីមុនមកឡើយ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា គ្រាប់បែកធ្វើដោយដៃបានបំផ្ទុះនៅចំណុច ១១ នៅខេត្តផាតថាលុង ដែលមានចម្ងាយ ៨៥០គីឡូម៉ែត្រនៅភាគខាងត្បូងទីក្រុងបាងកក។ ទន្ទឹមនឹងនេះដែរ នៅខេត្តសាទុន ប៉ូលិសបានរកឃើញឧបករណ៍ផ្ទុះចំនួនប្រាំពីរផ្សេងទៀត ដែលក្នុងនោះឧបករណ៍ចំនួនប្រាំត្រូវបានចេញ។

ខេត្តទាំងពីរ ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីខេត្តសុងខ្លា ដែលជាខេត្តនៅភាគខាងត្បូងនៃប្រទេសថៃ ដែលងាយនឹងមានការវាយប្រហារម្តងហើយម្តងទៀត ដោយក្រុមបះបោរក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)