សហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យចុះហត្ថលេខាជាមួយ ក្រុមហ៊ុន Golden rice Cambodia co,.Ltd លើអនុស្សរណៈយោគយល់គ្នានិងកិច្ចសន្យាផលិតនិងផ្គត់ផ្គង់ស្រូវសរីរាង្គ

AKP ព្រះវិហារ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩  -ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា និងកិច្ចសន្យាផលិតនិងផ្គត់ផ្គង់ស្រូវសរីរាង្គ រវាងសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ និងក្រុមហ៊ុន Golden rice Cambodia co,. Ltd នៅមន្ទីរកសិកម្មរុក្ខប្រមាញ់និងនេសាទខេត្តព្រះវិហារ កាលពីថ្ងៃចន្ទ ០៦កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ដោយមានការចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធន មន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងសមាជិកសហភាពសហគមន៍កសិកម្មព្រះវិហារជាច្រើនរូបផងដែរ ។

​លោកបណ្ឌិត​ឧកញ៉ា ​សុខ ​ហាច ​អគ្គនាយក​ក្រុមហ៊ុន​ហ្គោល​ដិ​ន​រ៉ា​យ​ខេ​ម​បូ​ឌា​ខូ​អិ​ល​ធី​ឌី បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោកក្នុងមួយឆ្នាំៗបាននាំអង្ករទៅលក់នៅក្រៅប្រទេសរាប់ពាន់ ហើយពេលនេះតម្រូវការទិញអង្ករកាន់ច្រើនពីប្រទេសខ្មែរ ដោយអង្ករខ្មែរមិនមានសារជាតិគីមី ជាអង្ករសរីរាង្គពិតប្រាកដសុទ្ធល្អ។ ហេតុនេះបានជា​ក្រុមហ៊ុនត្រូវតែរកដៃគូ ហើយបាន​​ចុះកិច្ចសន្យា​និងធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា ហើយចាប់ពីពេលនេះទៅ​សហភាព​សហគម​ន៍​កសិកម្ម​ព្រះវិហារ​មានជ័យ ត្រូវចាប់ដៃគូជាមួយ​ក្រុមហ៊ុន ​។ ​ក្រុមហ៊ុន​និងធ្វើការ​ប្រមូល​ទិញស្រូវ​សរី​រា​ង្គ​ពី​បណ្ដា​សហគមន៍​កសិកម្ម​ក្នុង​ខេត្តព្រះវិហារ ហេតុនេះ​ស្រូវ​សរី​រា​ង្គត្រូវផលិតឡើង​ប្រកបដោយ​ស្តង់ដារ​អន្តរជាតិ​ និង​មាន​គុណភាព​ខ្ពស់​សម្រាប់​នាំ​ចេញទៅ​ក្រៅប្រទេស​។​

ឯកឧត្ដម អ៊ុន ចាន់ដា មានប្រសាសន៍ថា នៅឆ្នាំ២០១៨ ក្នុង​ខេត្តព្រះវិហារមានសហគមន៍កសិកម្មចំនួន៣៤ដែលមានសមាជិកជាអ្នកផលិតប្រមាណ ៥.០០០គ្រួសារ បានចុះកិច្ចសន្យាផលិតនិងផ្គត់ផ្គង់ស្រូវសរីរាង្គឱ្យក្រុមហ៊ុននាំចេញក្នុងបរិមាណ១២.០០០តោន ហើយរំពឹងថានៅឆ្នាំ២០១៩ ការផ្គត់ផ្គង់នឹងកើនឡើងពី១៥.០០០តោនទៅ ២០.០០០ម៉ឺនតោន ។

ឯកឧត្តមអភិបាលមានប្រសាសន៍ស្នើសុំឱ្យសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ និងក្រុមហ៊ុនហ្គោលដិនរ៉ាយខេមបូឌាខូអិលធីឌី (Golden rice Cambodia co,. Ltd) ត្រូវគោរពតាមកិច្ចសន្យាប្រកបដោយភាពស្មោះត្រង់និងការជឿទុកចិត្តគ្នាទៅវិញទៅមកលើការផ្គត់ផ្គង់ស្រូវសរីរាង្គនេះ ។តាមរយៈកិច្ចសហប្រតិបត្តិការនេះនឹងបន្តនៅជាប្រពៃណីដ៏ល្អតទៅទៀតដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋឱ្យបានជាអតិបរមាតាមទិសដៅអភិវឌ្ឍន៍សហស្សវត្សនៅកម្ពុជាក៏ដូចជាគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជ  រដ្ឋាភិបាលកម្ពុជាផងដែរ៕

ដោយ ទិត ស្រ៊