ខេត្តព្រះសីហនុមាននាវាទេសចរណ៍ទំនើបខ្នាតធំ សំរាប់ភ្ញៀវធ្វើដំណើរកំសាន្

វិទ្យុជាតិកម្ពុជា៖ ដោយ ហោ សេងគ្រី៖


ខេត្តព្រះសីហនុបានបង្ហាញនាវាទេសចរណ៍ទំនើបខ្នាតធំ ដែលពុំធ្លាប់មានពីមុនមកក្នុងគោលបំណង ចូលរួមក្នុងការបម្រើឱ្យវិស័យទេសចរណ៍ក្នុងខេត្តព្រះសីហនុ ក៏ដូចជាដើម្បីឆ្លើយតប ទៅនឹងតម្រូវការកើនឡើងនូវភ្ញៀវទេសចរ ជាតិ និង អន្តរជាតិដែលកំពុងមានសន្ទុះ យ៉ាងខ្លាំងនៅតាមបណ្តាកោះ នានា របស់ខេត្ត។ បច្ចុប្បន្ន ក្រុម ហ៊ុន មាននាវាទំនើបចំនួន ០៤គ្រឿង និងទូកឈើជិត១០គ្រឿង។


ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍អោយដឹងថានាវាទេសចរណ៍ក្រុមហ៊ុនកោះរ៉ុងដាយសិនធឺរ (ហែបភីបូត) នេះ ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបម្រើឱ្យវិស័យទេសចរណ៍ក្នុងខេត្តព្រះសីហនុ ជាពិសេសការដឹក ជញ្ជូន តាម ផ្លូវទឹកទៅកាន់កោះនានាក្នុងខេត្តព្រះសីហនុ កាន់តែទំនើប ធានា បាន នូវសុវត្ថិភាពជូនភ្ញៀវទេសចរ។


ឯកឧត្តម បញ្ជាក់ថា ក្រុមហ៊ុនមានផែនការនាំនាវាទេសចរណ៍ទំនើបៗបន្ថែមទៀត ដើម្បីឆ្លើយតប ទៅនឹងកំណើននូវភ្ញៀវទេសចរ។
នាវាទំនើបថ្មីនេះ ជាប្រភេទទូកភ្លោះ មានល្បឿនលឿន មានបន្ទប់ម៉ាស៊ីនត្រជាក់ បន្ទប់ទឹក មានសេវាភេសជ្ជៈ ម្ហូបអាហារ ធានា សុវត្ថិ ភាព និងផាសុខភាពសម្រាប់ភ្ញៀវទេសចរធ្វើដំណើរកម្សាន្តតាមផ្លូវទឹក ទៅតាម កោះ នានាក្នុងខេត្តព្រះសីហនុ ដែលអាចផ្ទុកមនុស្ស បាន រហូតដល់ ៤៥០នាក់៕