រាជរដ្ឋាភិបាលកម្ទេចចោលផលិតផល និងក្លែងក្លាយខុសច្បាប់ចំនួនជាង៧០តោន

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការកម្ទេចចោលផលិតផលក្លែងក្លាយ​ និងខុសច្បាប់ចំនួនជាង៧០តោន បន្ទាប់ពីរឹបអូសបានក្នុងពេលធ្វើចរាចរណ៍នៅលើទីផ្សារ។ ការកម្ទេចចោលនេះ គឺអនុវត្តតាមការបង្គាប់របស់តុលាការ។


ឯកឧត្តមនាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានឲ្យដឹងថា ផលិតផលក្លែងក្លាយ​ និងខុសច្បាប់ដែលត្រូវបានដុតកម្ចេចចោលនៅព្រឹកថ្ងៃទី១២ ខែមីនានេះ មានដូចជា៖ ថ្នាំពេទ្យចំនួន១០៦មុខ ទឹកសុទ្ធម៉ាក Evain, Saint amand, Montcalm ចំនួន៥.៥២០កេស និងជីកសិកម្ម ចំនួន៧.៨៥០គីឡូក្រាម ខណៈវត្ថុតាងជាច្រើនតោនទៀត កំពុងបន្តនីតិវិធីនៅតុលាការ ដើម្បីឈានដល់ការកម្ទេចចោលជាបន្តបន្ទាប់ទៀត នៅពេលជំនុំជម្រះរួចរាល់ ។


ថ្លែងនៅក្នុងពិធីកម្ទេចចោលនូវផលិតផលក្លែងក្លាយ​ និងខុសច្បាប់ទាំងនេះ ឯកឧត្តមបានបញ្ជាក់ថា ដរាបណាសកម្មភាពខុសច្បាប់បំផ្លាញសុខភាព សុខុមាលភាព និងសុវត្ថិភាពសង្គមនៅតែបន្ត ដរាបនោះគណៈកម្មាធិការ នៅតែព្យាយាមធ្វើការទប់ស្កាត់ និងរឹបអូសយកមកកម្ទេចចោល ដោយមិនមានការលើកលែង រឺក៏បន្ធូរបន្ថយជាដាច់ខាត។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំដល់គណៈកម្មាធិការជំនាញនេះ បន្តយកចិត្តទុកដាក់ជាអាទិភាពលើផលិតផលដូចជា៖ ថ្នាំពេទ្យ ចំណីអាហារ គ្រឿងបរិភោគ និងភេសជ្ជៈ ជាដើមនេះ ដែលប្រជាពលរដ្ឋតែងតែត្រូវការប្រើប្រាស់ និងទទួលទានរាល់ថ្ងៃ។ សម្តេចក្រឡាហោម បានអំពាវនាវដល់សាធារណជនចូលរួម និងសហការផ្តល់ព័ត៌មានអំពីទីតាំង ឬជនដែលផលិត ចែកចាយ ផលតផលក្លែងក្លាយដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព និងសុវត្ថិភាពសង្គម ដើម្បីឈានទៅធ្វើការបង្រ្កាបឲ្យបានទាន់ពេលវេលា។ សម្តេចក្រឡាហោម សង្ឃឹមថា សមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ នឹងបន្តការខិតខំព្យាយាម និងរួមសហការគ្នាជាមួយគណៈកម្មាធិការក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបរាល់ផលិតផលក្លែងក្លាយ ដែលកំពុងចរាចរនៅកម្ពុជា ដើម្បីថែរក្សាសុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។
កាលពីឆ្នាំ២០១៨កន្លងទៅ សមត្ថកិច្ចចម្រុះដឹកនាំដោយគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានធ្វើប្រតិបត្តិការចាប់ឃាត់នូវផលិតផលក្លែងក្លាយ​ និងខុសច្បាប់ ដែលផលិត ស្តុកទុក និងចែកចាយ បានចំនួន២០ករណី មានដូចជា៖ ការនាំចូល ចែកចាយ ផលិតផលគ្រឿងសំអាងក្លែងក្លាយ រំលោភច្បាប់កម្មសិទ្ធិបញ្ញា បង្ក្រាបទីតាំងផលិតប្រេងម៉ាស៊ីនក្លែងក្លាយ​ និង​ខុសច្បាប់ បង្ក្រាបទីតាំងចែកចាយជីកសិកម្មក្លែងក្លាយ-ខុសច្បាប់ បង្រ្កាបសិប្បកម្មផលិតទឹកខ្មេះ ទឹកសៀង ទឹកម្ទេស ទឹកស៊ីអ៊ីវ ខុសច្បាប់ បង្រ្កាបទីតាំងសាច់ប៉ាតេ មិនអនុលោមតាមច្បាប់ បង្រ្កាបសិប្បកម្មផលិតម្រេច និងកាហ្វេ ក្លែងក្លាយខុសច្បាប់ ជាដើម៕