ក្រសួងព័ត៌មាន គ្រោងបោះពុម្ពសៀវភៅស្តីពីការអភិវឌ្ឍកម្ពុជា ចំនួន៤ភាសា

វិទ្យុជាតិកម្ពុជា៖ ដោយ លោកស្រី ប៉ុង សុភាវី៖

 ក្រសួងព័ត៌មាន គ្រោងបោះពុម្ពសៀវភៅស្តីពីការអភិវឌ្ឍកម្ពុជា ចំនួន៤ភាសាមានភាសាខ្មែរ ចិន អង់គ្លេស និងភាសាបារាំង ដើម្បីបង្ហាញអោយបរទេស និងបងប្អូនខ្មែរមួយចំនួន បានដឹងពីមិទ្ធិផលទាំងឡាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

រដ្ឋមន្រ្តីក្រសួងព័ត៌មានបានបង្ហាញការ គាំទ្រចំពោះគម្រោងបោះពុម្ពសៀវភៅ របស់លោក Patrick Dupire “ប៉ាទ្រិច ឌូពារ” ទីប្រឹក្សាក្រសួងព័ត៌មាន ទទួលបន្ទុកបោះពុម្ពសៀវភៅ ដែលបានចងក្រងសៀវភៅដែលនិយាយពីការអភិវឌ្ឍនានាគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជា។

ក្នុងឱកាសកិច្ចពិភាក្សាការងារ ជាមួយ លោកប៉ាទ្រិច ឌូពារ ទីប្រឹក្សាក្រសួងព័ត៌មាន នៅ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានពន្លឿនការបោះពុម្ពជាសៀវភៅស្តីពីប្រទេសកម្ពុជានេះអោយបានឆាប់ ដែលមាន៤ ភាសា គឺភាសា ខ្មែរ ចិន អង់គ្លេស និងបារាំង ហើយឈានទៅបន្ថែមជាភាសាកូរ៉េ១ទៀតបើអាចធ្វើទៅបាន។
ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអោយដឹងទៀតថា សៀវភៅដែលគ្រោងបោះពុម្ព ជា ៤ភាសានេះ គឺដើម្បីបង្ហាញអោយបរទេស និងបងប្អូនខ្មែរមួយចំនួន បានដឹងពីមិទ្ធិផលទាំងឡាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាសក្តានុពលនៃសេដ្ឋកិច្ច នៅក្នុងប្រទេសនេះ ដែលកំពុងមានការរីកចំរើន ។ ឯកឧត្តមបន្តថាសៀវភៅនេះ មិនមែនជាសៀវភៅទេសចរណ៍នោះទេ ប៉ុន្តែការបោះពុម្ពនូវសៀវភៅនេះឡើង សម្រាប់ទុកជូនជាអនុស្សាវរីយ៍ដល់គណះប្រតិភូ បរទេស និងអាចដាក់លក់នៅក្នុងសណ្ឋាគារផ្សេងៗផងដែរ។
តាមរយះកិច្ចការងារនេះ ឯកឧត្តម ខៀវ កាញារីទ្ធ និងលោក ប៉ាទ្រិច ឌូពារ បានឯកភាពគ្នា ដោយមានការសហការ ជាមួយទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP និងអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៏នៃក្រសួងព័ត៌មាន ដើម្បីធ្វើការបោះពុម្ភជាសៀវភៅនេះឡើង អោយបានរួចរាល់នៅចុងឆ្នាំ២០១៩នេះ ៕