ខេត្តកំពង់ចាម បានបើកសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ ២០១៨ និងលើកទិសដៅសម្រាប់អនុវត្តបន្ត ឆ្នាំ ២០១៩

វិទ្យុជាតិកម្ពុជា៖ដោយ សារ៉ាត ចិន ខេត្តកំពង់ចាម ៖

ឯកឧត្តម គួច ចំរើន អភិបាល ខេត្តកំពង់ចាម បានមានប្រសាសន៍ថា ការរៀបចំសន្និបាតនា ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩នេះ គឺ ដើម្បីធ្វើការត្រួតពិនិត្យឡើងវិញ និងឆ្លុះបញ្ចាំងនូវលទ្ធផល ការងារ ដែលបានអនុវត្តនៅក្នុងឆ្នាំ ២០១៨ កន្លងមក និងលើក ទិសដៅការងារបន្តរួមគ្នាអនុវត្តនៅក្នុងឆ្នាំ ២០១៩ នេះ ។


ឯកឧត្ដមអភិបាលខេត្ត មានប្រសាសន៍ទៀតថា សន្និបាតនេះក៏បានរួមចំណែក ក្នុងការឆ្លុះបញ្ចាំង អំពីលទ្ធផលសកម្មភាព នៃការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាលខេត្ត នៅក្នុងឆ្នាំ ២០១៨ កន្លងមក ដើម្បីធ្វើការផ្សព្វផ្សាយអំពី សមិទ្ធផលនានា ដែលអនុវត្តបាន និងលើកឡើងអំពីចំណុចខ្លាំង បញ្ហាប្រឈម សំណើដំណោះស្រាយ និងការផ្លាស់ប្តូរបទពិសោធន៍ ការងារពីគ្នា ទៅវិញទៅមក លើគ្រប់វិស័យនៅក្នុងខេត្ត និងដើម្បី រួមសហការគ្នា ក្នុងការស្វែងរក នូវដំណោះស្រាយចំពោះបញ្ហាប្រឈមនានា ដែលបានកើតមានឡើង និងទទួលបាននូវអនុសាសន៍ល្អៗ ដើម្បី ឈានទៅសម្រេចបាននូវជោគជ័យធំៗ ថ្មីៗ ថែមទៀត ក្នុងទិសដៅអនុវត្ត ភារកិច្ចនាឆ្នាំថ្មីនេះជាបន្តទៀត ។ 

ក្នុងនាមថ្នាក់ដឹកនាំខេត្ត ឯកឧត្ដមបានកោតសរសើរ ចំពោះ ថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ គ្រប់ថ្នាក់ គ្រប់ផ្នែក និងគ្រប់ជំនាញ ដែលកន្លងមក បានចូលរួម យ៉ាងសកម្មក្នុងការសហការអនុវត្តការងារ បានយ៉ាងល្អប្រសើរ ទៅតាមតួនាទី ភារកិច្ចរៀងៗខ្លួន ក្នុងគោលបំណង ដើម្បី រួមចំណែក ក្នុងការស្តារ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ និយាយរួម និងនិយាយដោយឡែក ដើម្បី អភិវឌ្ឍន៍ខេត្តកំពង់ចាម ឲ្យមានការរីកចម្រើនឈានឡើងជាលំដាប់ ការបន្តចូលរួមសហការ ឲ្យបានកាន់តែសកម្ម និងខ្លាំងក្លាថែមទៀត ក្នុងការរួម សហការពង្រឹងការអនុវត្តសកម្មភាព ការងារ ដែលរាជរដ្ឋាភិបាលប្រគល់ជូន ឲ្យបានកាន់តែល្អ ប្រសើរ ឡើងថែមទៀត ។ 

ឯកឧត្ដម គួច ចំរើន បានលើកឡើងដែរថា ក្រៅអំពីការស្ដាប់នូវរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩ របស់រដ្ឋបាលខេត្ត សន្និបាត ក៏មានការបែងចែកក្រុមពិភាក្សា ដែលត្រូវលើកឡើងអំពី ការងារសន្តិសុខសណ្ដាប់ធ្នាប់ អំពើឆក់ប្លន់ប្រដាប់អាវុធ ប្រសិទ្ធភព នៃយន្តការ និងការចាត់តាំងអនុវត្ត ការងារត្រួតពិនិត្យគ្រឿងញៀន នៅថ្នាក់ក្រោមជាតិ ពិសេស ក្នុងការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ការអនុវត្តការងារ របស់អនុគណៈសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការផ្ដល់សេវា តាមរយៈច្រកចេញចូលតែមួយ និងត្រៀមបង្កើតការិយាល័យច្រកចេញចូលតែមួយ ការត្រៀមចំពោះវិស័យទឹកស្អាត និងអគ្គិសនី បញ្ហាផ្លូវថ្នល់ ការសម្របសម្រួល និងដោះស្រាយបញ្ហាក្នុងការអនុវត្តគម្រោងសាងសង់នានា ការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ការគ្រប់គ្រង និងគាំទ្រការផ្ដល់សេវាសុខាភិបាល នៅតាមមន្ទីរពេទ្យបង្អែកមណ្ឌល សុខ ភាព ពិសេស ការផ្ដល់ការគាំពារមាតា និងទារក ការងារប្រយុទប្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ការងារសមភាពយេនឌ័រ បរិយាប័ន្ន និងសមធម៌សង្គម ផងដែរ ៕