មន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់រាជធានីភ្នំពេញពន្លឿនរាល់ការចេញឯកសារពាក់ព័ន្ធកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ជួន បូណា ៖

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដីរាជធានីភ្នំពេញ ប្រកាសពន្លឿនការចេញឯកសារពាក់ព័ន្ធកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ អោយបានលឿនទាន់ពេលវេលាដើម្បីងាយស្រួលដល់ពួកគាត់យកទៅប្រើប្រាស់តាមតំរូវការចាំបាច់។

ថ្លែងក្នុង កិច្ចប្រជុំផ្សាយជាសាធារណៈ នូវឯកសារនៃការ វិនិច្ឆ័យដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធ នៅក្នុងភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ នាព្រឹកថ្ងៃទី១១ ខែមីនា នេះ លោកប៊ិន សូឈី អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដីរាជធានីភ្នំពេញបានឲ្យដឹងថា មន្ទីរមន្ទីររៀបចំដែនដីពន្លឿនការធ្វើឯកសារកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ដោយប្រើពេលវេលាត្រឹមតែ១៥ថ្ងៃប៉ុណ្ណោះ ខណៈដែលកាលពីមុន គ្រាន់តែបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធ ត្រូវបានប្រើប្រាស់ពេលវេលាអោយប្រជាពលរដ្ឋមក ពិនិត្យផ្ទៀងផ្ទាត់ និង តវ៉ាមានរយៈពេល៣០ថ្ងៃ ។

លោកប្រធានមន្ទីរបានបន្ដថា រាល់ឯកសារប្លង់ដីដែលធ្វើរួច នឹងត្រូវយកទៅផ្តល់ជូនប្រជាពលរដ្ឋដល់ផ្ទះតែម្ដង ដោយមិនចាំបាច់ឲ្យប្រជាពលរដ្ឋមកយកនោះទេ ។

លោកកៅ សារ៉ាវុធ អភិបាលរង ខណ្ឌជ្រោយចង្វារ បានលើកឡើងថា ការចុះបញ្ជីរមានលក្ខណៈជាប្រព័ន្ធ ជាវិធីសាស្រ្តមួយដែលអាចធ្វើការចុះបញ្ជីរដីធ្លីបានច្បាស់លាស់ និងមានប្រសិទ្ធិភាព មានតម្លាភាពធានាបាននូវភាពកក់ក្តៅជូនប្រជាពលរដ្ឋក្នុងការកាន់កាប់ដីធ្លី និង ធានាសុវត្ថិភាពលើដីធ្លីជូនប្រជាពលរដ្ឋ ។

លោកបន្ដថា វាជាការរួមចំណែកយ៉ាងពិតប្រាកដក្នុងការអនុវត្តនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចប្រកបដោយចីរភាព។

លោកអភិបាលរងខណ្ឌជ្រោយចង្វារក៏អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានឈ្មោះក្នុងតំបន់វិនិច្ឆ័យនេះ មកពិនិត្យមើលឈ្មោះ និងទិន្ន័យក្បាលដីរបស់ខ្លួនឲ្យបានគ្រប់ៗគ្នា ដើម្បីងាយស្រួលពិនិត្យទិន្ន័យក្បាលដីរបស់ខ្លួនដែលបានបាត់នោះ អាចសាកសួរ ឬ តវ៉ា ទៅគណៈកម្មាការដែលប្រចាំការ សម្រាប់ពិនិត្យឡើងវិញ និង ធ្វើការកែរតម្រូវ។

សូមបញ្ជាក់ថា នៅភូមិ២ សង្កាត់ជ្រោយចង្វារ ក្រុមការងារសុរិយោដី បានចុះវាស់វែង ប្រមូលទិន្នន័យក្បាលដីបានចំនួន៧៩០ក្បាលដីក្នុងនោះការកំណត់ព្រំ បានចំនួន៧៩០ក្បាលដី វិនិច្ឆ័យ បានចំនួន៦១០ក្បាលដី មិនទាន់វិនិច្ឆ័យ ចំនួន១៧៧ក្បាលដី និងក្បាលដីដែលមានវិវាទ ចំនួន០៣ក្បាលដីផងដែរ ៕