យន្តហោះអ្នកដំណើរអេត្យូពីធ្លាក់សម្លាប់មនុស្ស១៥៧នាក់ដែលជិះលើយន្តហោះនេះ  

AKP ភ្នំពេញ ថ្ងៃទី១១ ខែមីនា   ឆ្នាំ២០១៩ — ក្រុមហ៊ុនយន្តហោះប្រទេសអេត្យូពីបានបញ្ជាក់អះអាងថា មនុស្សទាំង១៥៧នាក់ ដែលជិះនៅលើជើងហោះហើរមួយ ដែលបានធ្លាក់កាលពីព្រឹកថ្ងៃអាទិត្យ ក្នុងដំណើរទៅកាន់ទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ាបានស្លាប់ ។

នាយកប្រតិបត្តិរបស់ក្រុម នៃក្រុមហ៊ុនយន្តហោះអេត្យូពី លោកTewplde Gobremariam បានប្រាប់ សន្និសីទសារព័ត៌មានមួយថា មនុស្ស១៥៧នាក់ ដែលជិះនៅលើជើងហោះហើរ ET302 រួមមានជនជាតិ មកពីប្រទេសជាង៣០ ។

លោកបាននិយាយថា ជនរងគ្រោះរួមមាន៣២នាក់មកពីប្រទេសកេនយ៉ា, ១៨នាក់មកពីកាណាដា, ៩នាក់មកពីអេត្យូពី, ៨នាក់មកពីចិន, ៨នាក់មកពីអ៊ីតាលី ៨នាក់មកពីស.រ.អា,​ ៧នាក់មកពីអង់គ្លេស  និង៧នាក់មកពីបារាំង, ៦នាក់មកពីអេហ្ស៊ីប និង៥នាក់មកពីប្រទេសហូឡង់។

ជនរងគ្រោះក៏រួមបញ្ចូលផងដែរ ៤នាក់មកពីឥណ្ឌា និង៤នាក់មកពីស្លូវ៉ាគី, ៣នាក់មកពីអូទ្រីស ,  ៣នាក់មកពីរុស្ស៊ី និង៣នាក់មកពីស៊ុយអែត, ២នាក់មកពីអ៊ីស្រាអែល, ២នាក់មកពីម៉ារ៉ុក, ២នាក់មកពី ប៉ូឡូញ នឹងមានម្នាក់ៗមកពីប្រទេសបែលហ្ស៊ិក, ជីប៊ូទី , ឥណ្ឌូណេស៊ី, អៀរឡង់, ម៉ូហ្សំប៊ិច, នេប៉ាល់, នីហ្សេរីយ៉ា , ន័រវែល, រវ៉ាន់ដា ,អារ៉ាប៊ីសាអូឌីត ,ស៊ែរប៊ី, ស្លូវេនី , ស៊ូម៉ាលី , ស៊ូដង់, តូហ្គោ, អ៊ូហ្គង់ដា និង      យេម៉ែន ។

ក្រុមហ៊ុនយន្តហោះនេះ បាននិយាយថា យន្តហោះ Boeing 737-800 MAX បានហោះឡើងនៅម៉ោង៨:៣៨ នាទីព្រឹក ហើយបានធ្លាក់នៅជិតទីក្រុង Bishoftu ចម្ងាយប្រហែល៤៥គីឡូម៉ែត្រពីរដ្ឋធានីអាឌីស-អាបាបា ។

លោក Gebremariam បាននិយាយថា យន្តហោះនេះបានមកដល់ពីទីក្រុងហ្សូហានេស្បឺក ប្រទេស អាហ្វ្រិកខាងត្បូង ជិត៣ម៉ោងមុននេះ ។  លោកបាននិយាយថា នៅក្នុងដំណាក់កាលនេះ យើងមិនទាន់អាចកំណត់បាននូវមូលហេតុនៃ គ្រោះថ្នាក់នេះទេ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )