មនុស្សប្រមាណជាង​១១៧.០០០នាក់ដាក់ពាក្យសុំលប់ចោលបំណុល

AKP ភ្នំពេញ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩​ — អ្នកនិយ័តករហិរញ្ញវត្ថុមួយ​រូបបាននិយាយកាលពីថ្ងៃចន្ទថា មនុស្សប្រមាណ ១១៧.០០០​នាក់​​បានដាក់ពាក្យសុំលប់បំណុលកាលពីជាង១ឆ្នាំមុននេះ ធ្វើជាផ្នែកមួយនៃ​កិច្ចខិត​​ខំប្រឹងប្រែងរបស់រដ្ឋាភិបាល​ដើម្បីជំរុញផ្នែកហិរញ្ញវត្ថុឱ្យកាន់តែប្រសើរឡើង​។

គ្រោងការណ៍ ត្រូវបានគេធ្វើឡើងកាលពី​ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីជួយដល់អ្នកខ្ចី​ដែលបានខកខានក្នុងបង់បំណុល​ដែលតិចជាង១០លានវ៉ុន​ស្មើនឹង ៨.៨០៣ដុល្លារអាម៉េរិក​សម្រាប់រយៈពេលជាង១០ឆ្នាំ​។      បណ្តាអ្នកដាក់ពាក្យសម្រាប់គោលការណ៍នេះ ត្រូវបានគេ​ពង្រីក​ដើម្បីបញ្ចប់កាលពីខែកន្លងទៅនេះ។

គណៈកម្មាធិការសេវាហិរញ្ញវត្ថុ(FSC) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ដោយរាប់​បញ្ចូល​ទាំងមនុស្ស​ប្រមាណ ​១១៧.០០០នាក់​ រដ្ឋាភិបាល បានលប់ចោលបំណុល​ ឬអាចនឹង​លប់ចោលនូវបំណុល​សម្រាប់មនុស្សប្រមាណ ៦២៧.០០០នាក់ទៀត​។

បណ្តាបំណុលទាំងនោះ ត្រូវបានលប់ចោលតាមរយៈ មូលនិធិនានាមកពីមូលនិធិ​សុភមង្គលជាតិ (National Happiness) ដែលត្រូវបានគេរ៉ៃអង្គាសពី​ធនាគារឯកជននានា និងបណ្តាស្ថាប័នហិរញ្ញវត្ថុដែលគ្រប់គ្រងដោយរដ្ឋ។​

លោក Kim Yong-beom  អនុប្រធានគ្រប់គ្រង​ FSC បាននិយាយថា ខ្លួននឹងបន្ត​ដើម្បី​ធ្វើកិច្ចខិតខំប្រឹងប្រែងនានា​ ដើម្បីជួយកាត់បន្ថយផ្នែកហិរញ្ញវត្ថុ​នៃបណ្តាកូនបំណុលផ្សេងៗ​ពីគ្នា៕

( ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល )