កូរ៉េខាងត្បូងជំរុញការផ្លាស់ប្តូរគ្នាទៅវិញទៅមករវាង ប្រជាជន និងប្រជាជននិងវប្បធម៌ជាមួយអាស៊ាន

AKP ភ្នំពេញ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩​ — កាលពីថ្ងៃទី១០ ខែមីនា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បានប្តេជ្ញាលើកកម្ពស់ការផ្លាស់ប្តូរគ្នាទៅវិញទៅមករវាងប្រជាជន និងប្រជាជន និងវប្បធម៌ ជាមួយប្រជាជាតិអាស៊ានដែលមានសមាជិក ១០ប្រទេស ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយតំបន់នេះផងដែរ។

មេដឹកនាំរូបនេះបានធ្វើការកត់សម្គាល់ដូច្នេះនៅលើបណ្តាញសង្គម Twitter មុនពេលចេញដំណើរទៅកាន់ប្រទេសព្រុយណេ ដែលជាដំណើរទស្សនកិច្ចលើកដំបូងនៃដំណើរទស្សនកិច្ចបីប្រទេសរបស់លោក ដែលរួមមានដំណើរទស្សនកិច្ចទៅកាន់ប្រទេសម៉ាឡេស៊ី និងកម្ពុជាផងដែរ។

លោកបានសរសេរនៅលើបណ្តាញសង្គមរបស់លោកថា «ទៅថ្ងៃអនាគត គឺជាយុគសម័យសម្រាប់អាស៊ី» ហើយលោកបាននិយាយបន្ថែមថា តាមរយៈដំណើរទស្សនកិច្ចនេះ លោកនឹងកាត់បន្ថយគម្លាតរវាងកូរ៉េខាងត្បូង និងអាស៊ាន ហើយនឹងពង្រីកទំនាក់ទំនងពាណិជ្ជកម្មរបស់កូរ៉េខាងត្បូង (ចូលទៅក្នុងតំបន់) និងកិច្ចសហប្រតិបត្តិការជាក់ស្តែង។

លោកបាននិយាយបន្តថា «ជាមួយអាស៊ាន ខ្ញុំនឹងស្វែងរកការកសាងសហគមន៍ដែលមានសន្តិភាព និងភាពរុងរឿងដែលផ្តោតទៅលើប្រជាជន»។

លោកប្រធានាធិបតីបានសរសើរដល់ប្រទេសប្រ៊ុយណេ ដែលជាប្រទេសសម្បូរទៅដោយត្បូង និងធនធានធម្មជាតិដ៏សម្បូរបែប ខណៈដែលប្រទេសម៉ាឡេស៊ីជារដ្ឋអាស៊ានដ៏សំខាន់មួយដែលគ្របដណ្តប់លើភាពចម្រុះ និងដឹកនាំកិច្ចខិតខំប្រឹងប្រែងដើម្បីសន្តិភាពនៅអាស៊ី ព្រមទាំងសរសើរដល់កំណើនសេដ្ឋកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលនៅក្នុងប្រទេសកម្ពុជាផងដែរ។

កូរ៉េខាងត្បូងបានជំរុញ «គោលនយោបាយថ្មីភាគខាងត្បូង» ដែលត្រូវបានរៀបចំបង្កើតឡើងដើម្បីរឹតបន្តឹងទំនាក់ទំនងឱ្យកាន់តែខ្លាំងជាមួយអាស៊ាន ដែលជាដៃគូដ៏សំខាន់មួយរបស់កូរ៉េខាងត្បូង ដែលមានកំណើនសក្តានុពល មានធនធានច្រើន និងមានកំណើនឥទ្ធិពលការទូត៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)