សម្តេចអគ្គមមហាពញាចក្រី ហេង សំរិន មានប្រសាសន៍ លើកឡើងថា វត្តអារាមមិនត្រឹមជាទីគោរពសក្ការៈនោះទេ តែជា ថ្នាលបណ្តុះចំណេះដឹង បញ្ញាញាណ តម្លៃសីលធម៌ និងស្មារតី សាមគ្គី

ត្បូងឃ្មុំ៖ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្ពោធឧបដ្ឋានសាលានិងសមិទ្ធផលនានា នៅក្នុងវត្តឧត្តម្មុនី ហៅវត្តតានី ស្ថិតនៅភូមិតានី ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានមានប្រសាសន៍ថា វត្តអារាម មិនគ្រាន់ តែជាទីសក្ការៈ សម្រាប់គោរពបូជាតាមផ្លូវជំនឿសាសនាប៉ុណ្ណោះទេ តែជាថ្នាលបណ្តុះបណ្តាល ចំណេះដឹង បញ្ញាញាណ តម្លៃសីលធម៌ និងស្មារតី រួមរស់សាមគ្គីគ្នាតាមផ្លូវពុទ្ធចក្រ និងអាណាចក្រទៀតផង។

សម្តេចបានមានប្រសាសន៍បន្តថា វត្តអារាមជាច្រើនបានផ្តល់ជាទីតាំងសាលារៀន កន្លែងផ្តល់សេវាសុខាភិបាល មណ្ឌល សង្គ្រោះក្មេងកំព្រា មនុស្សអនាថាគ្មានទីពឹង និងជាកន្លែងជួយអប់រំកែប្រែដល់អ្នកញៀនគ្រឿងញៀនជាដើម។ ដូចនេះ វត្តអារាម ព្រះពុទ្ធសាសនា មានតួនាទីយ៉ាងសំខាន់ក្នុងសង្គមកម្ពុជា។

មានប្រសាសន៍នៅក្នុងពិធី ដែលមានការនិមន្ត និង អញ្ជើញចូលរួម ពីសំណាក់ព្រះសង្ឃ និងពុទ្ធបរិស័ទ្ធរាប់រយនាក់ នេះ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានកំណត់ថា ព្រះពុទ្ធសាសនា ជាសាសនា របស់រដ្ឋ ហើយប្រជាជនខ្មែរភាគច្រើនបានគោរពប្រតិបត្តិព្រះពុទ្ធសាសនា។ ដោយមើលឃើញនូវតួនាទីដ៏សំខាន់ របស់ព្រះពុទ្ធសាសនា និងព្រះសង្ឃនៅក្នុងសង្គមជាតិ ទើបរដ្ឋសភា រាជរដ្ឋាភិបាល យកចិត្តទុកដាក់ក្នុងការពង្រឹងពង្រីកវិស័យនេះ ឱ្យបានរឹងមាំទូលំទូលាយ នៅទូទាំងប្រទេសចាប់ពីឆ្នាំ១៩៧៩មក។

 

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា រាជរដ្ឋាភិបាល ក្នុងអាណត្តិទី៦ បានប្តេជ្ញាយ៉ាងមុតមាំក្នុងការពង្រឹងពង្រីកនូវសាមគ្គីប្រជាជាតិ ដោយមិនបែងចែកអំពីនិន្នាការនយោបាយ អតីតកាល ភេទ ជំនឿ សាសនា ដើមកំណើតជាតិ និងឋានៈក្នុងសង្គមឡើយ សំដៅធានាបាននូវសុខសន្តិភាព ស្ថិរភាព និងវឌ្ឍនភាពជូនសង្គមជាតិ តែប្រឆាំងដាច់ខាតចំពោះឧបាយកល និងសកម្មភាពឧទ្ទាមរបស់មជ្ឈដ្ឋានណាក៏ដោយ ទោះជាបុគ្គល ជាក្រុម ឬជាអង្គកានយោបាយ ដែលព្យាយាមបំផ្លាញឯកភាពជាតិ បង្កអស្ថេរភាពក្នុងសង្គម បំផ្លាញលទ្ធិប្រជាធិបតេយ្យ ប៉ុនប៉ងធ្វើឱ្យមានការផ្លាស់ប្តូរណាមួយ ដែលផ្ទុយពីរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។

សម្តេចប្រធានរដ្ឋសភា បានផ្តាំផ្ញើ ដល់អាជ្ញាធរ មូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំយកចិត្តទុកដាក់អនុវត្តគោល នយោបាយភូមិ ឃុំមានសុវត្ថិភាព ឱ្យមានប្រសិទ្ធភាពខ្ពស់ បម្រើសេវា សាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ។ និងបានអំពាវនាវដល់ប្រជាពលរដ្ឋ ជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

ឆ្លៀតឱកាសនោះសម្តេចក៍បានអំពាវនាវដល់ពលរដ្ឋទំាងអស់សហការចូលរួមធ្វើជំរឿនទំាងអស់គ្នា។ យុទ្ធនាការធ្វើជំរឿននេះ ចាប់ពីថ្ងៃទី ៣ដល់ ១៣ ខែមីនា ឆ្នាំ២០១៩។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ជំរឿនជាការចុះស្រង់ទិន្នន័យស្ថិតិប្រជាពលរដ្ឋ សម្រាប់រៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍប្រទេសជាតិ សំដៅកាត់បន្ថយភាពក្រីក្រ និងសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ព្រមទាំងលើកស្ទួយជីវភាពរស់នៅប្រជាពលរដ្ឋ៕