សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចជាង ៣ពាន់នាក់

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​៖

នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូន និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULES) ជាង៣ពាន់នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ ។


តាមសុន្ទរកថាស្វាគមន៍និងរបាយការណ៍របស់ឯកឧត្តមយក់ ង៉ុយ រដ្ឋលេខាធិការក្រសួងអប់រំ  យុវជន និងកីឡា បានអោយដឹងថា និស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ មានចំនួនសរុប ៣,០៤៣នាក់ ក្នុងនោះមានស្ត្រី ១,៤១២នាក់។


ឯ.ឧ បានឲ្យដឹងផងដែរថា និស្សិតដែលទទួលសញ្ញាបត្រនេះ មានថ្នាក់បរិញ្ញាបត្រ ២,៥០១នាក់ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៥៤២នាក់។
ឯកឧត្តមបានបញ្ជាក់ទៀតថា សាកលវិទ្យា ល័យភូមិន្ទនីតិសាស្ត្រសេដ្ឋកិច្ច បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្ដុះបណ្ដាលធនធាន មនុស្សផ្នែកច្បាប់សេដ្ឋកិច្ចនិងផ្នែកផ្សេងៗទៀតដើម្បីបម្រើឲ្យការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៅកម្ពុជា។គិតចាប់តាំងពីឆ្នាំ 1982 ដល់បច្ចុប្បន្ននេះ សិក្ខាកាមនិងនិស្សិតដែលបានបញ្ចប់ការសិក្សាជាស្ថាបពរសរុបចំនួន 52.099 នាក់(នារី 19.029 នាក់ )ក្នុងនោះមាននិស្សិតបរទេសចំនួន 128 នាក់(ស្រី 43 នាក់)។


ឯកឧត្តមបានអោយដឹងដែរថា  ដើម្បីធានានូវការបណ្តុះបណ្តាលប្រកបដោយគុណភាពនិងនិរន្តរភាព  សាកលវិទ្យាល័យបាននិងកំពុងធ្វើសហប្រតិបត្ដិការជាមួយបណ្ដាប្រទេសមួយចំនួនតាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នាចំនួន 41 ដើម្បីធ្វើការផ្លាស់ប្តូរនិស្សិតនិងសាស្រ្តាចារ្យ ផ្តោតលើការសិក្សា  ការបង្រៀននិងការសិ ក្សាស្រាវជ្រាវស្របតាមតម្រូវការជាក់ស្ដែងនៃកម្មវិធីនីមួយៗ។


ឯ.ឧ បន្តថា ចាប់ពីឆ្នាំ 1993 ដល់ឆ្នាំ 2018- 2019 នេះ សាកលវិទ្យាល័យបានបញ្ជូននិស្សិតទៅសិក្សាបន្តថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់និងថ្នាក់ បណ្ឌិតនៅបរទេស តាមរយ:អាហារូបករណ៍របស់សាកលវិទ្យាល័យជាដៃគូនានា បានចំនួន ១.៤៣២នាក់។ ដោយឡែក ក្នុងឆ្នាំសិក្សា ២០១៨-២០១៩នេះ សាកលវិទ្យាល័យបានបញ្ជូននិស្សិតចំនួន៥០នាក់ ទៅបន្តការសិក្សា នៅក្រៅប្រទេស ក្នុងនោះថ្នាក់បណ្ឌិតចំនួន ២ នាក់ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់៤៨នាក់  និងបញ្ជូននិស្សិតចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរការសិក្សាចំនួន២៦នាក់ ទៅចូលរួមការប្រកួតអន្តរជាតិសំខាន់ៗចំនួន៧ ប្រកួត ពាក់ព័ន្ធនឹងនីតិអន្តរជាតិនៅប្រទេសអូទ្រីស ចិន បារាំង អាល្លឺម៉ង់ ស្វីស និង  អាមេរិក ។