សម្ដេចក្រឡាហោម អំពាវនាវដល់បងប្អូនត្រូវសហការ ដោយផ្ដល់ព័ត៌មានទៅតាមការសាកសួររបស់ក្រុមមន្រ្តីចុះធ្វើជំរឿនឆ្នាំ២០១៩នេះ

AKP ភ្នំពេញ ថ្ងៃទី១១​ ខែមីនា ឆ្នាំ២០១៩ -សម្ដេចក្រឡាហោមស ខេង ឧបនាយក រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា សូមបងប្អូនកូនក្មួយត្រូវ សហការទទួលស្វាគមន៍ឱ្យបានល្អ ដោយផ្ដល់ព័ត៌មាន ជាមួយមន្ដ្រីចុះធ្វើជំរឿន ទៅតាមការសាកសួររបស់ក្រុមមន្រ្តីជំរឿនឆ្នាំ២០១៩នេះ ។ សម្ដេចក្រឡាហោមបានអំពាវនាវបែបនេះ ខណៈសម្ដេចក្រឡាហោម ទទួលជួបជាមួយមន្ដ្រីចុះធ្វើ ជំរឿន នៅភូមិគ្រឹះរបស់សម្ដេចផ្ទាល់  កាលពីព្រឹកថ្ងៃអាទិត្យ ៥កើត ផល្គុន ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ ដែលក្រុមមន្ដ្រីជំរឿននេះដឹកនាំដោយ ឯកឧត្ដម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញា ។

ក្នុងឱកាសជំរឿននោះ សម្ដេចក្រឡាហោម បានមានប្រសាសន៍បន្តថា គ្រួសារខ្ញុំ ក៏ដូចគ្នានឹងគ្រួសារបងប្អូនខ្មែរយើង និងប្រជាជនទូទៅដែរ គឺយើងត្រូវចូលរួមសហការជាមួយក្រុមមន្រ្តីជំរឿនឱ្យបានល្អ ។ ការធ្វើជំរឿនបានចាប់ផ្ដើមពីថ្ងៃទី០៣ ខែមីនា ហើយនឹងបន្តដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ឬអាចបន្ថែមថ្ងៃទៅតាមស្ថានភាពជាក់ស្ដែង។ ក្រោយការធ្វើជំរឿន យើងនឹងដឹងថា ប្រទេសយើងមានប្រជាជនប៉ុន្មាននាក់ ហើយទិន្នន័យនេះនឹងជួយឱ្យយើងងាយស្រួលរៀបចំផែនការអភិវឌ្ឍន៍ជាតិ ។ សូមបងប្អូន កូនក្មួយ មានសុខភាពល្អ និងសុភមង្គល និងសូមជូនពរក្រុមមន្រ្តីជំរឿនទូទាំងប្រទេសបំពេញការងារទទួលបានជោគជ័យរាល់ភារកិច្ចសម្រាប់សង្គមជាតិ  ៕

ដោយ សួស សំរិត