យោធិនពិការ និងប្រជាពលរដ្ឋរស់នៅក្នុងមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧តេជោភ្នំឆ័ត្រ ទទួលការពិនិត្យនិងព្យាបាលជំងឺ​ពីគ្រូពេទ្យស័្មគ្រចិត្តយុវជន​សម្តេចតេជោ

AKP បន្ទាយមានជ័យ ថ្ងៃទី១១ ខែមីនា ​ឆ្នាំ២០១៩ -យោធិនពិការ និងប្រជាពលរដ្ឋប្រមាណជាង ២.០០០នាក់ នៅក្នុងមណ្ឌលអភិវឌ្ឍន៍ យោធិន​ពិការ ៣១៧តេជោភ្នំឆ័ត្រ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ទទួលបាននូវការ ពិនិត្យនិង​ព្យាបាលជំងឺដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យស័្មគ្រចិត្តយុវជនសម្តេចតេជោ។

​​សកម្មភាពមនុស្សធម៌នេះដឹកនាំដោយលោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុ ប្រធានក្រុមប្រឹក្សាភិបាលសមាគមក្រុមគ្រូពេទ្យស័្មគ្រចិត្តយុវជនសម្តេចតេជោ រួមនឹងក្រុម ការងារកម្លាំងស្ម័គ្រចិត្តមនុស្សធម៌អាជ្ញាធរយុវជនដែលបានធ្វើឡើងកាលពីថ្ងៃអាទិត្យ ៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ ក្នុងគោលដៅធ្វើឱ្យ សុខ​ភាពរស់នៅរបស់ជនពិការ និងប្រជាពលរដ្ឋកាន់តែប្រសើរឡើង។

​​លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មានប្រសាសន៍ថា សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចកាលតែងតែបានយកចិត្តទុកដាក់គិតគូរ យ៉ាងខ្លាំងចំពោះយោធិនពិការយោធិនចូល​និវត្តន៍ និងគ្រួសារ ព្រមទាំងប្រជាពលរដ្ឋក្នុង មណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោ​ភ្នំឆ័ត្រក៏ដូចនៅគ្រប់ទីកន្លែង ក្នុងទូទាំងប្រទេស តាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការឧបត្ថម្ភ សម្ភារ ថវិកា ការយកទុកដាក់ លើកកម្ពស់សុខុមាលភាព និងគោលរបបផ្សេងៗចំពោះពួកគាត់ ដែលបានលះបង់អ្វីៗគ្រប់ យ៉ាងក្នុងបុព្វហេតុការពារបូរណភាពទឹកដី និងស្វែងរកសុខសន្តិភាពជូនជាតិមាតុភូមិមកដល់ សព្វថ្ងៃនេះ។

អភិបាលរងខេត្តបន្ទាយមានជ័យលោក លី សារី បានថ្លែងអំណរគុណចំពោះសម្តេច តេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានយកចិត្តទុកដាក់ ចំពោះយោធិន យោធិនពិការ អតីតយុទ្ធជន និងគ្រួសារយោធិន ព្រមទាំងប្រជាពលរដ្ឋ ក្នុង មណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោ​ភ្នំឆ័ត្រ​ដែលមានការឧបត្ថម្ភសម្ភារ ថវិកា ការ សាងសង់ផ្ទះ អណ្តូងទឹក ការយកចិត្តទុកដាក់លើកកម្ពស់សុខុមាលភាព និងគោលរបប ផ្សេងៗជាច្រើនទៀត ។

លោក លី សារីក៏បានថ្លែងអំណរគុណចំពោះសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេច តេជោ ​ និងផ្នែកដែលពាក់ព័ន្ធទាំងអស់ដែលបានចូលរួមចំណែក ក្នុងសកម្មភាពមនុស្សធម៌ នៅក្នុងមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ តេជោភ្នំឆ័ត្រនេះ៕

ដោយ ឈុន សារ៉ាត