សម្តេចតេជោហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញសំណេះសំណាលជាមួយគ្រូ និងកុមារីរងគ្រោះ នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប ទុំឌី

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​៖

នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចុះជួបសំណេះសំណាលជាមួយគ្រូៗ យុវនារី និងកុមារី រងគ្រោះនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប ទុំឌី។


ការអញ្ជើញទៅកាន់មជ្ឈមណ្ឌលខាងលើរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីពិនិត្យដោះស្រាយនូវបញ្ហាមួយ ចំនួននៅក្នុងមជ្ឈមណ្ឌលនេះ ដូចជាការសាង សង់អគារសិក្សា អគារស្នាក់នៅរបស់គ្រូៗ យុវនារី និងកុមារីរងគ្រោះ ក៏ដូចជាការឧបត្ថម្ភគ្រឿងឧប ភោគ បរិភោគ ដើម្បីទ្រទ្រង់ដំណើរការមជ្ឈ មណ្ឌលមួយនេះ។


មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប ទុំឌី ស្ថិតនៅភូមិ ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមរបាយការណ៍របស់លោកស្រីម៉ម សុម៉ាលី ប្រធានអង្គការអាហ្វេស៊ីប បានឲ្យដឹងថា  មជ្ឈ មណ្ឌលនេះ គឺជាកន្លែងជួយសង្គ្រោះ ជួយព្យាបាលផ្លូវចិត្ត និងផ្តល់ជំនាញវិជ្ជាជីវៈផ្សេងៗដល់កុមារី និងយុវនារី ដែលរងគ្រោះដោយការរំ លោភសេពសន្ថវៈ។មជ្ឈមណ្ឌលនេះ មានគ្រូ បុគ្គ លិក អ្នកស្ម័គ្រចិត្តចំនួន ៤៤នាក់ និងមានកុមារី យុវនារីរងគ្រោះកំពុងស្នាក់នៅ និងទទួលការបណ្តុះបណ្តាលផ្សេងៗ ៨៩នាក់។


សូមបញ្ជាក់ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញចុះទៅអង្គការអាហ្វេស៊ីបទុំឌីនេះម្តងរួចមកហើយកាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ កន្លងទៅនេះ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានស្វែងយល់យ៉ាងច្បាស់ពីទុក្ខវេទនារបស់កុមារី និងយុវនារីរងគ្រោះនៅក្នុងមជ្ឈមណ្ឌល ព្រមទាំងបានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើដ៏ព្រៃផ្សៃរបស់ឪពុក ជីតា និងជនល្មោភកាមទាំង ឡាយ ដែលបានធ្វើទៅលើកុមារី និងយុវនារីទាំង អស់នោះ។


សម្តេចកិត្តិព្រឹទ្ធបណ្ឌិតថែមទាំងបានអំពាវនាវឲ្យអាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ច ត្រូវតែស្វះស្វែងរកចាប់ក្រុមជនល្មោភកាមទាំងអស់នោះឲ្យខាង តែបាន ដើម្បីយកមកផ្តន្ទាទោស។
ក្នុងពិធីសំណេះសំណាលជាមួយអ្នកប្រកបរបរធាក់ស៊ីក្លូនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន  បានប្រកាសថា សម្តេចត្រូវតែជួយដល់មជ្ឈមណ្ឌល ដើម្បីធានាដល់និរន្តរភាពរបស់មជ្ឈមណ្ឌលក្នុងការជួយដល់កុមារ និងនារីរងគ្រោះពីការរំលោភសេពសន្ថវៈ៕