អភិបាលខេត្តកំពង់ចាមកោតសរសើរចំពោះកងកម្លាំងនគរបាលនារីចូលរួមការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ សាធាណៈ ជូនប្រជាពលរដ្ឋបានល្អប្រសើរ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហ៊ាង​ ចាន់ថា៖

ក្នុងពិធីអបអរសាទរខួបលើកទី១០៨ ទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០១៩ នៅស្នងការដ្ឋាននគរបាលខេត្ត កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានសម្តែងការកោតសរសើរចំពោះកងកម្លាំងនគរបាលនារីទាំងអស់ ដែលកន្លងមកបានចូលរួមចំណែកក្នុង កិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ សាធាណៈ ជូនប្រជាពលរដ្ឋក្នុងខេត្តកំ​ពង់ចាម ទទួលបានលទ្ធផលល្អប្រសើរ។ ទន្ទឹមនឹងនោះនៅមានកិច្ចការជំនាញជាច្រើនទៀត ដែលនគរបាលនារីបានចូលរួមយ៉ាងសកម្ម សហការជាមួយបុរសសម្រេចបានលទ្ធផល និងស្នាដៃលេចធ្លោជាច្រើនរួមទាំងការចូលរួមក្នុងកិច្ចការពារសន្តិសុខជូនព្រះមហាក្សត្រ ជូនប្រមុខរាជរដ្ឋាភិបាល ឥស្សរៈជនជាន់ខ្ពស់ និងពិធីផ្សេងៗទៀត ក៏មាននគរបាលនារីចូលរួមចំណែកផងដែរ។

ទោះបីសម្រេចបានស្នាដៃល្អប្រសើរយ៉ាងណាក្ដីឯកឧត្តម គួច ចំរើន បានក្រើនរំលឹកដល់នគរបាលនារីទាំងអស់ ឱ្យខិតខំប្រឹងប្រែង
អភិវឌ្ឍន៍សមត្ថិភាព លើកកំពស់សីលធម៌ វប្បធម៌អហឹង្សា នៅក្នុងគ្រួសារ អង្គភាព និងសង្គមដោយចូលរួមក្នុង ចលនាអនុវត្តន៍គោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព និងផ្សព្វផ្សាយដល់បងប្អូនកូនចៅប្រជាពលរដ្ឋឱ្យក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ ជៀសវាងឱ្យឆ្ងាយពីគ្រឿងញៀន គ្រឿងស្រវឹង និងការប្រើហឹង្សា ដោយប្រកាន់យកនូវសីលធ៌ម សុជីវធ៌ម និងរួមចំណែករក្សាការពារសន្តិភាព សណ្តាប់ធ្នាប់ល្អ ដើម្បីរស់នៅក្នុងសង្គមមួយប្រកបដោយភាពថ្លៃថ្នូរ សម្បូរសប្បាយ និងសុខដុមរមនាជារៀងរហូត។

សូមបញ្ជាក់ថាពិធីអបអរសាទរទិវាអន្តរជាតិនារី៨មីនា នេះឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានឧបត្ថម្ភថវិកាចំនួន៥,០០០,០០០ រៀល(ប្រាំលានរៀល)ជូនដល់កម្មវិធីនេះទៀតផង។ ឯកឧត្តមអភិបាល ខេត្តក៏បានជូនបាច់ផ្កាដល់លោកជំទាវ និងលោក ស្នងការ ស្នងការរង ក៏បានជូននូវបាច់ផ្កាដល់លោកស្រី ដែលជាភរិយារបស់លោក និងវត្ថុអនុស្សាវរីយ៍ ដល់មន្រ្តីនគរបាលនារីទាំង១៧៣នាក់ ដោយក្នុងម្នាក់ៗទទួលបានផាមួងចំនួន០១ដុំប្រវែង៣,៥ម៉ែត្រ និងថវិកាចំនួន ២០,០០០រៀលដែលជាអំណោយរបស់លោឧត្តមសេនីយ៍ស្នងការផងដែរ។


ពិធនេះមានអញ្ជើញចូលរួមក្នុងពិធីនេះមាន:លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងលោកស្រី
លោក លោកស្រី និងថ្នាក់ដឹកនាំអង្គភាពចំណុះស្នងកាដ្ឋាននគរបាលខេត្ត និងលោកស្រីជាភរិយា លោកអធិការស្រុកក្រុងទាំង១០
ព្រមទាំងមន្រ្តីនគរបាលនារីចំណុះស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមទាំងអស់ សរុបចំនួន ២៥០នាក់ ៕