មានគណបក្សចំនួន៦ហើយ ដែលចុះបញ្ជីឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ភក្តី​៖

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានអះអាងថា មានគណបក្សចំនួន៦ហើយ ដែលបានចុះឈ្មោះសុំចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ដែលនឹងប្រព្រឹត្តទៅនៅខែឧសភាខាងមុខនេះ។

គ.ជ.ប បានបញ្ជាក់ថា គណបក្សនយោបាយដែលបានសុំឈរឈ្មោះបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានីខេត្តនោះមាន គណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សយុវជនកម្ពុជា គណបក្សខ្មែរសាធារណរដ្ឋ គណបក្សឆន្ទៈខ្មែរ និងគណបក្សរួបរួមជាតិ។ ដោយឡែក សម្រាប់ការឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ មាន គណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សយុវជនកម្ពុជា។

ថ្លែងប្រាប់ឲ្យដឹងនៅថ្ងៃទី៨ ខែមីនានេះ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត មានរយៈពេលតែ៥ថ្ងៃប៉ុណ្ណោះ គឺចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី ១១ ខែមីនានេះ។

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប បានបញ្ជាក់ថា គណបក្សនយោបាយដែលបានចុះបញ្ជីស្របច្បាប់នៅក្រសួងមហាផ្ទៃ មានសិទ្ធិចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភាខាងមុខនេះ។

មន្ត្រីជាន់ខ្ពស់គណបក្ស ហ៊្វុនស៊ិនប៉ិច បានឲ្យដឹងថា ការណ៍គណបក្សរបស់ខ្លួន សម្រេចចិត្តចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជាអសកលនេះ គឺដោយសាររំពឹងថា នឹងអាចទទួលបានអាសនៈមួយចំនួននៅក្នុងតំណែងជាសមាជិកក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិនេះ។

យោងតាមរបាយការណ៍ពីក្រសួងមហាផ្ទៃ បានបង្ហាញថា គិតមកដល់ពេលនេះ មានគណបក្សនយោបាយជាង៤០ហើយ ដែលបានចុះបញ្ជីស្របច្បាប់។

សូមបញ្ជាក់ថា អ្នកបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានេះ ជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់នៅក្នុងមុខតំណែង ដែលមានសរុបចំនួន១១.៥៧២នាក់នៅទូទាំងប្រទេស៕