លោកជំទាវ ឃួន សុដារី៖ រាជរដ្ឋាភិបាលកម្ពុជា តែងផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការលើកស្ទួយតួនាទីស្ត្រី

AKP ភ្នំពេញ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ — រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ផ្តោតការយកចិត្ត ទុកដាក់ខ្ពស់បំផុត ក្នុងការលើកស្ទួយតួនាទីស្ត្រី។  នេះជាប្រសាសន៍លើកឡើងរបស់លោ​កជំទាវ ឃួន​ សុដារី អនុប្រធានទី២រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីសំណេះ សំណាលជាមួយប្រជាពលរដ្ឋ ជាពិសេសបងប្អូននារីក្នុងស្រុកលើកដែកប្រមាណ ជាង៣០០នាក់ ក្នុងពិធីអបអរសាទរខួបលើកទី១០៨ ទិវាអន្តរជាតិ ៨​មីនា ក្រោមប្រធានបទ “ការលើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គមដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស” កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ នៅស្រុកលើកដែក ខេត្តកណ្តាល។លោកជំទាវអនុប្រធានបានបញ្ជាក់ថា ​ យុទ្ធសាស្ត្រចតុកោ​ណដំណាក់កាលទី៤ របស់ រាជរដ្ឋាភិបាលកម្ពុជា គឺការពង្រឹងសមភាពយេនឌ័រ និងការគាំពារសង្គម ពិតជាមានសារៈ សំខាន់ខ្លាំងណាស់ដើម្បីលើកស្ទួយតួនាទីស្ត្រី ដែលជាឆ្អឹងខ្នងនៃគ្រួសារ សេដ្ឋកិច្ច និងសង្គម ជាតិ។ ការលើកកម្ពស់សមភាពយេនឌ័រ គឺដើម្បីពង្រឹងភាពអង់ឤច ដល់ស្ត្រី និងក្មេងស្រី កម្ពុជា ជាកិច្ចការឤទិភាពមួយដែលរាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងផ្តោតការយកចិត្តទុក ដាក់ខ្ពស់ក្នុងពេលកន្លងមក ក៏ដូចជាក្នុងពេលបច្ចុប្បន្ន និងសម្រាប់អនាគត ដើម្បីស្រី្តមាន សិទ្ធិស្មើភាពជាមួយបុរស ក្នុងការរួមចំណែកអភិវឌ្ឍន៍ គ្រួសារ សេដ្ឋកិច្ច និងសង្គមជាតិ។ លោកជំទាវអនុប្រធានទី ២ នៃរដ្ឋសភា ពន្យល់ថា ការអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ត្រូវបានពិភពលោកប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរម្លឹកនូវការតស៊ូ និងគំរូវីរភាពរបស់ នារីៗក្នុងការទាមទារសិទ្ធិសេរីភាព​ និងគេចផុតពីទង្វើ ជិះជាន់នានា។

លោកជំទាវបញ្ជាក់ទៀតថា ឆ្នាំនេះរាជរដ្ឋាភិបាលកម្ពុជាបានប្រារព្ធពីធីអបអរសាទរ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០១៩ ក្រោមប្រធានបទ “ការលើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គមដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស” ពិតជាមានសារៈសំខាន់ ក្នុងការលើក កម្ពស់ស្ថានភាពស្រ្តីកម្ពុជា ក្នុងការរួមចំណែកកសាងគ្រួសារ កសាងសេដ្ឋកិច្ចនិងសង្គមប្រកប ដោ​យ​ជោគជ័យក្នុងនាមជាពលរដ្ឋដ៏ល្អ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។ រាជរដ្ឋាភិបាលបានកំពុងអនុវត្តន៍គោលនយោបាយ គាំពារសង្គម ដែល​បានចាប់ផ្តើមអនុវត្តមុនគេចំពោះស្ត្រី ដែលជាកម្មការិនីមានផ្ទៃពោះ។ ជាពិសេសទៀតនោះគឺក្នុងពេលសម្រាលកូនស្ត្រីបានឈប់សម្រាករយៈពេល ៣ខែ និងទទួលបានប្រាក់ខែ១២០ភាគរយបូកជាមួយនឹងការជួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ចំនួន ៤០ ម៉ឺនរៀល សម្រាប់កូនម្នាក់ និងការកើតកូនភ្លោះបាន ២ នាក់ ចំនួន ៨០ ម៉ឺនរៀលនិង ៣ នាក់ចំនួន ១ លាន ២០ ម៉ឺនរៀល បូកនឹងជំនួយឧបត្ថម្ភរបស់ខ្ញុំ ៥ លាន រៀលថែមទៀត។

លោកជំទាវក៏បានពាំនាំសេចក្តីនឹករលឹក និងប្រសាសន៍ដ៏មានអត្ថន័យរបស់ សម្តេចតេជោ​ ហ៊ុន សែន ធ្វើការអត្ថាធិប្បាយក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៨ ដែលប្រព្រឹត្តទៅនៅនៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ ដែលសម្តេចបានបញ្ជាក់ថា ចាប់ពីពេលនេះតទៅកម្ពុជានឹងប្រារព្ធពិធី អបអរសាទរទិវាអន្តរជាតិនារី ៨មីនា ឱ្យបានមុនថ្ងៃ ៨មីនា ដើម្បីទុកថ្ងៃទី០៨ ខែមីនា ជាថ្ងៃឈប់សម្រាក និងកម្សាន្ត ទៅតាមការចង់បានរបស់ស្ត្រីគ្រប់រូប។ បន្ទាប់មកទៀត ក្រុមហ៊ុនទាំងឡាយណា ដែលមិនទាន់បានចុះបញ្ជី ត្រូវតែចុះបញ្ជីដើម្បីធានាថាកម្មករ បានទទួលផលប្រយោជន៍ពីគោលនយោ​បាយគាំពារសង្គម ដោយទទួលបាននូវការពិនិត្យ ព្យាបាលដោ​យឥតគិតថ្លៃ ពិសេសកម្មការិនី ដែលធ្វើការនៅ កន្លែងទទួ​ល​បាននូវអត្ថប្រយោជន៍ពីគោលនយោបាយគាំពារសង្គម របស់រាជរដ្ឋាភិបាល សម្រាប់ស្ត្រីមានផ្ទៃពោះ និងឆ្លងទន្លេ។

ទន្ទឹមនឹងនោះ សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ន គួរគប្បីធ្វើការឱ្យ បានញឹកញាប់បន្តិចជាមួយនឹងក្របខ័ណ្ឌជាស្រ្តី ដោយប្រើប្រាស់ក្នុងមួយឆ្នាំ ២-៣ ពេលដើម្បីជួបស្រ្តី និងស្តាប់មតិរបស់ពួកគាត់។ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យមានការយកចិត្តទុកដាក់យោគ យល់អធ្យាស្រ័យចំពោះស្រ្ដី ដែលធ្វើការ តាមផ្ទះ ហើយថ្មីៗនេះទៀតសម្តេចតេជោ ហ៊ុន សែន បានបង្កើតក្រុមមេធាវី តេជោសែន កំពុងចាប់ផ្ដើមដំ​ណើរ​ការជួយដល់ស្រ្ដីក្រីក្រ និងស្ដ្រីពិរុទ្ធជន​ ដោយផ្តោតសំខាន់លើទណ្ឌិតជា ស្ដ្រីឱ្យទទួលបានការលើកលែងទោស ដោយបានណែនាំទៅក្រសួងយុត្ដិធម៌ ក្រសួងកិច្ចការនារី សហការជាមួយផ្នែកពន្ធនាគារ ពិនិត្យមើលអ្នកដែលជាប់ទោស ទណ្ឌិតជាស្ដ្រី អ្នកណាខ្លះគប្បីទទួលបានការលើក លែងទោស។ គោលដៅទី ២ សម្រាប់ស្ដ្រីជាពិរុទ្ធជន ដែលមិនទាន់ទទួលបានការកាត់ទោសដោយសារតែខ្វះមេធាវី គឺត្រូវតែជំរុ ញការប្រើប្រាស់ឱ្យ អស់សក្ដានុពល ដែលមួយភាគក្រសួងកិច្ចការនារី ក្រសួងយុត្ដិធម៌ តាមរយៈប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល និងបំពេញបន្ថែមដោយ ក្រុមមេធាវីរបស់សម្តេចតេជោ ដើម្បីទៅជួយការពារក្ដីសម្រាប់ស្ដ្រីក្រីក្រ៕

ដោយ ប៉ាល់ សុង