អជ្ញាធរខេត្តកំពង់ឆ្នាំងត្រៀមកំលាំងការពារសន្តិសុខ ក្នុងពិធីបុណ្យទន្លនាពេលខាងមុខ

វិទ្យុជាតិកម្ពុជា ៖ អត្ថបទដោយលោកស្រី ធីណា ឌីណេ

កំពង់ឆ្នាំង៖ អជ្ញាធរខេត្តកំពង់ឆ្នាំង បានត្រៀមកំលាំងការពារសន្តិសុខ និងសណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យទន្លេទន្លនាពេលខាងមុខ បន្ទាប់ពីព្យាករណ៍ថា នឹងមានចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិច្រើនចូលរួមក្នុងព្រឹត្តិការណ៍នេះ។
ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង មានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា កំលាំងមានសមត្ថកិច្ចចម្រុះ នឹងត្រូវដាក់ពង្រាយ ក្នុងឱកាសពិធីបុណ្យទន្លេខាងមុខនេះ ដើម្បី ការពារសន្តិសុខ និងសណ្តាប់ធ្នាប់ដល់អ្នកចូលរួម និងសម្រួលការកស្ទះចរាចរណ៍តាមដងផ្លូវ។

សំឡេង៖«អនុគណៈកម្មការសន្តិសុខ បានប្រជុំជាមួយគ្នាពីរដងរួចមកហើយ ដោយមានកម្លាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋានរួមគ្នា គិតគូរយ៉ាងហ្មត់ចត់ ដើម្បីធានាឲ្យបុណ្យទន្លេមានសុវត្ថិភាពទាំងស្រុង។ ចឹងយើងដាក់កម្លាំងការពារគោលដៅច្បាស់លាស់ បន្ទាប់មកទៀតយើងនឹងពង្រឹងកម្លាំងការពារផ្លូវគមនាគមន៍ ដោយសារតែនៅខេត្តកំពង់ឆ្នាំងនេះ យើងបានវាយតម្លៃថា ប្រជាជនភាគច្រើនបានធ្វើដំណើរមកលេងបុណ្យ និងត្រឡប់ទៅផ្ទះរបស់ពួកគាត់វិញ។ ដូចគ្នានេះ ប្រជាពលរដ្ឋពីខេត្តពោធិ៍សាត់ កំពង់ធំ និងកំពង់ស្ពឺ យើងរំពឹងថា ពួកគាត់ក៏នឹងមិនសម្រាកដែរ។ ចឹងហើយយើងក៏បានពង្រឹងកិច្ចការពារ ផ្លូវឱ្យមានសុវត្ថិភាពទាំងពេលថ្ងៃ និងពេលយប់ ហើយនិងពង្រឹងការគ្រប់គ្រងមូលដ្ឋាន ដើម្បីឲ្យមូលដ្ឋានភូមិឃុំសង្កាត់ស្រុកខណ្ឌមានសុវត្ថិភាព»។

ឯកឧត្តមបានបន្តថា ពិធីបុណ្យទន្លេនៅខេត្តកំពង់ឆ្នាំនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា ក្រោមប្រធានបទ «ទន្លេ៖ ផ្សារភ្ជាប់សន្តិភាព ប្រជាជន និងទេសចរណ៍» ដោយនឹងមានលក្ខណៈប្លែកអស្ចារ្យជាច្រើនមានដូចជា៖ ការប្រកួតកីឡា ពិព័រណ៍ពាណិជ្ជកម្មផលិតផល ម្ហូបអាហារ ការដំាដើមឈើ និងកម្មវិធីសម្តែងសិល្បៈបុរាណ សម័យ ជាដើម ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យទៅទស្សនាកម្សាន្តបានកាន់តែច្រើន។

ពិធីបុណ្យទន្លេ ត្រូវបានរាជរដ្ឋាភិបាលរៀបចំជាលើកដំបូងនៅឆ្នាំ២០១៥ នាខេត្តក្រចេះ ដោយមានភ្ញៀវទេសចរសរុបប្រមាណ១០ម៉ឺននាក់។ នៅឆ្នាំបន្ទាប់ គឺធ្វើនៅខេត្តកំពង់ចាម ដោយមានអ្នកចូលទស្សនាប្រមាណ៥០ម៉ឺននាក់។ លើកទី៣ ឆ្នាំ២០១៧ ធ្វើនៅខេត្តស្ទឹងត្រែង មានភ្ញៀវទេសចរសរុបប្រមាណ១៤ម៉ឺននាក់ និងលើកទី៤ នៅឆ្នាំ២០១៨ ធ្វើនៅខេត្តកណ្ដាល ដោយមានភ្ញៀវសរុបប្រមាណ១,៥លាននាក់ ៕