អភិបាលខេត្តកំពង់ចាម បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម អោយទៅទទួលវ៉ាក់សាំងការពារជម្ងឺឆ្កែឆ្កួតនៅមន្ទីរពេទ្យខេត្តកំពង់ចាម

វិទ្យុជាតិកម្ពុជា៖ដោយ ហ៊ាង ចាន់ថា មន្ទីរព័ត៌មាន ខេត្តកំពង់ចាម

កំពង់ចាម៖ អភិបាលខេត្តកំពង់ចាមបានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាម ក៏ដូចជាអ្នកដែលរងគ្រោះ ដោយសារសត្វឆ្កែខាំ ឆ្មាខាំ ឬខ្វាច អោយទៅទទួល វ៉ាក់សាំងការពារជម្ងឺឆ្កែឆ្កួតឲ្យបានទាន់ពេលវេលា ព្រោះជម្ងឺនេះជាជម្ងឺកាចសាហាវដែលអាចបណ្ដាលឱ្យអ្នកជម្ងឺស្លាប់បានក្នុងរយៈពេលដ៏ខ្លី។

ក្នុងឪកាសអញ្ជើញ ពិនិត្យ ទីតាំងមជ្ឈមណ្ឌល បង្ការជម្ងឺឆ្កែឆ្កួត ដែលរៀបចំដោយ ក្រុមគ្រូពេទ្យនៃវិទ្យាស្ថានប៉ាស្ទ័រ ដែលមានទីតាំងនៅមន្ទីរពេទ្យខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ ២០១៩ ឯកឧត្តមគួច ចំរើន អភិបាលខេត្តកំពង់ចាម បានជំរុញឲ្យក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្ត ត្រូវ ចូលរួមសហការ ជាមួយក្រុមគ្រូពេទ្យ វិទ្យាស្ថានប៉ាស្ទ័រ ក្នុងការ ពិគ្រោះយោបល់ពិនិត្យព្យាបាល ជូនប្រជាពលរដ្ឋ តាមបច្ចេកទេស ក្នុងការចាក់វ៉ាក់សាំងការពារជម្ងឺឆ្កែឆ្កួត។

ឯកឧត្តមបន្តថាបន្ទាប់ពីរងរបួស ដោយ សត្វឆ្កែខាំ ឆ្មាខាំ ឬខ្វាច មកទទួលថ្នាំចាក់វ៉ាក់សាំងការពារ ទើបក្រុមគ្រូពេទ្យ វិទ្យាស្ថានប៉ាស្ទ័រ ទទួលពិនិត្យជូន។ ម៉្យាងទៀតការចាក់វ៉ាក់សាំងការពារជម្ងឺឆ្កែឆ្កួតត្រូវ ចំណាយ ថវិកាចំនួន១៥ដុល្លារ។
ឯកឧត្តមគួច ចំរើន មានបានសំណូមពរដល់ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងការពារជម្ងឺឆ្កែឆ្កួត​នៅក្នុងមន្ទី​រ​ពេទ្យខេត្តកំពង់ចាមត្រូវចូលរួមផ្សព្វផ្សាយបន្តនូវបញ្ហាប្រុងប្រយ័ត្នចំពោះសត្វចិញ្ចឹមដូចជា សត្វឆ្កែ និងសត្វឆ្មា ជាដើម និងអំពាវនាវបន្តទៀតថានៅមន្ទីរពេទ្យខេត្តកំពង់ចាមមានសេវាវ៉ាក់សាំងការពារជម្ងឺឆ្កែឆ្កួតនេះផងដែរ៕