រដ្ឋាភិបាលបារាំង ប្រកាសថា នឹងបន្តផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ដល់កម្ពុជាជាបន្តទៅទៀត

វិទ្យុជាតិកម្ពុជាដោយលោក វ៉ាង ភក្តី

ភ្នំពេញ៖ រដ្ឋាភិបាលបារាំង រក្សាជំហរនឹងបន្តផ្តល់នូវហិរញ្ញប្បទានអភិវឌ្ឍន៍ដល់កម្ពុជាជាបន្តទៅទៀត ខណៈបច្ចុប្បន្នទំហំហិរញ្ញប្បទានដែលកម្ពុជាទទួលពីភាគីបារាំងបានកើនដល់៦៤១លានអឺរ៉ូ។

លោកជំទាវ អេវ៉ា ង្វៀន ប៊ិញ(Eva NGUYEN BINH) ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា មានប្រសាសន៍ថា នៅក្នុង​រយៈ​ពេល៥ឆ្នាំមកនេះ រដ្ឋាភិបាលបារាំង បានបង្កើននូវទំហំហិរញ្ញប្បទានអភិវឌ្ឍន៍ដល់កម្ពុជាគួរឲ្យកត់សម្គាល់ រហូតឡើង​ដល់កម្រិត១០០លានអឺរ៉ូ ក្នុងមួយឆ្នាំ។

ការអះអាងនេះ ធ្វើឡើងក្រោយពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង តាមរយៈទីភ្នាក់ងារភ្នាក់​ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ ដែលមានទឹកប្រាក់ចំនួន១១,៥លានអឺរ៉ូ ត្រូវជាប្រមាណ១៣លានដុល្លារអាមេរិក សម្រាប់អនុវត្តលើកម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរវិស័យកសិកម្មសម្រាប់ប្រទេសកម្ពុជា ដំណាក់កាលទី១ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩ នៅក្នុងរាជធានីភ្នំពេញ។

លោកជំទាវឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា កម្ពុជានឹងមានលទ្ធភាពស្រូបយកហិរញ្ញប្បទានអភិវឌ្ឍន៍កាន់តែច្រើនថែមទៀត ពី​គោលនយោបាយបង្កើនទំហំនៃការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ(ODA)របស់បារាំង រហូតដល់០,៥៥នៃផលិត​ផល​ក្នុង​ស្រុក​សរុប នៅឆ្នាំ២០២២។

ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្វាគមន៍ចំពោះការបង្កើនទំហំនៃ​ការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការរបស់បារាំង ដែលគាំទ្រដល់ការអភិវឌ្ឍមូលដ្ឋានសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា ដើម្បី​សម្រេច​ចក្ខុវិស័យក្លាយខ្លួនជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។ ​

ឯកឧត្តមមានប្រសាសន៍ថា កម្ពុជានៅតែត្រូវការឲ្យភាគីបារាំងបន្តផ្តល់កម្ចីសម្បទានអនុគ្រោះជាបន្តទៀត ទោះបីកម្ពុជាបានក្លាយខ្លួនទៅជាប្រទេសចំណូលមធ្យមកម្រិតទាបទៅហើយក្តី។ ឯកឧត្តមស្នើសុំឲ្យភាគីបារាំងជួយលើការពង្រឹងភាពប្រកួតប្រជែង និងប្រសិទ្ធភាពនៃសេដ្ឋកិច្ចកម្ពុជាផងដែរ។
យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា គិតចាប់ពីឆ្នាំ១៩៩៣ រហូតមកទល់បច្ចុប្បន្ន ភាគីបារាំងបានផ្ដល់ហិរញ្ញប្បទានសរុបដល់កម្ពុជាប្រមាណជាង៦៤១លានអឺរ៉ូ ក្នុងនោះឥណទានសម្បទានប្រមាណ២៩១,៥លានអឺរ៉ូ ឥណទានគ្មានការធានាពីរដ្ឋចំនួនប្រមាណ១៦៧លានអឺរ៉ូ និងហិរញ្ញប្បទានឥតសំណងចំនួនប្រមាណ១៨២,៥លានអឺរ៉ូ៕