អ្នកជំនាញស៊ីហ្គេមប៉ាន់ប្រមាណថា ការរៀបចំស៊ីហ្គេម ឆ្នាំ២០២៣នៅកម្ពុជា គ្រោងនឹងចំណាយប្រមាណ ២០០លានដុល្លារ

AKP ភ្នំពេញ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ — ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ (CAMSOC) បានលើកឡើងអំពីការប៉ាន់ប្រមាណជាថវិកា សម្រាប់ការ ចំណាយ​ទៅលើការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ នៅកម្ពុជាថា អាចនឹង​ចំណាយទឹក​ប្រាក់ប្រមាណ២០០លានដុល្លារសហរដ្ឋអាមេរិក។ឯកឧត្តម វ៉ាត់ ចំរើន បាន​ស្រង់​សម្តី​លោក​សាស្ត្រាចារ្យ Sheik Kok Chi អ្នកជំនាញ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ ដែលបាន​វាយតម្លៃថា កម្ពុជា​អាច​ចំណាយ​ថវិកា​ក្នុង​រង្វង់​ប្រមាណ​២០០​លាន​ដុល្លារ​ ក្នុងការ​រៀបចំ​ប្រកួត​កីឡា​ស៊ី​ហ្គេម ​លើក​ទី​៣២​នៅ​ឆ្នាំ​២០២៣​។ ប៉ុន្តែ ការចំណាយនេះ​អាចមាន​ចំនួន​តិច ឬ​ច្រើនជាង​នេះ ដែល​អាស្រ័យ​លើ​ការរៀបចំ​របស់​ម្ចាស់ផ្ទះជាក់ស្តែង​។ ឯកឧត្តមអះអាងថា ក្នុងការចំណាយចំនួន២០០លានដុល្លារនេះ គឺ៥០​ភាគរយ ស្មើនឹង១០០លានដុល្លារ សម្រាប់ការចំណាយទៅលើការបណ្តុះបណ្តាលមន្ត្រី​បច្ចេក ទេស និងអត្តពលិកសក្តានុពលទៅក្រៅប្រទេស ដែលនឹងអាចជ្រើសរើសយកប្រទេស ណាដែលមានសក្តានុពលលើប្រភេទកីឡាអ្វីមួយនៅក្នុងទ្វីបអាស៊ី ដូចជាចិន ជប៉ុន កូរ៉េ ជាដើម ដើម្បីប្រជែងមេដាយក្នុងឋានៈជាម្ចាស់ផ្ទះ។ ចំណែកឯ ១០០លានដុល្លារ​ទៀតនឹង​ប្រើប្រាស់សម្រាប់ការរៀបចំទូទៅ ក្នុងស៊ីហ្គេម ឆ្នាំ២០២៣។

​ឯកឧត្តមអគ្គលេខាធិការបានបញ្ជាក់ទៀតថា ការលើកឡើងរបស់អ្នកជំនាញការបែបនេះ គឺជា​តួលេខ​វាយតម្លៃ​បឋម​តែប៉ុណ្ណោះ ប៉ុន្តែ​ការចំណាយ​ជាក់ស្តែង​អាច​តិច ឬ​ច្រើនជាង​នេះ​អាស្រ័យ​លើ​តម្រូវការ និង​ទំហំ​រៀបចំ​របស់​ម្ចាស់ផ្ទះ​កម្ពុជា​។ ជាមួយគ្នានេះដែរ ដើម្បី​ទទួល​រៀបចំទទួលធ្វើម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ រាជរដ្ឋាភិបាល កម្ពុជាបានអនុម័តផែនការមេស៊ីហ្គេម ឆ្នាំ២០២៣ យ៉ាងល្អិតល្អន់ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ ២០១៦កន្លងទៅ នៅក្នុងសម័យប្រជុំពេញអង្គរបស់ខ្លួន ក្នុងនោះបានបង្កើតគណៈកម្មាធិការ ជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ ដែលមានសម្តេចពិជ័យសេនា ទៀ បាញ់ ជាប្រធានជាមួយនឹងដំណើរការបើកកិច្ចប្រជុំជាបន្តបន្ទាប់។

ក្នុងនោះ ផែនការមេបានបញ្ជាក់ពី ការត្រៀមលក្ខណៈបច្ចេកទេស សម្រាប់ការបណ្តុះបណ្តាលគ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី មន្ត្រីកីឡា មន្ត្រីរដ្ឋបាល អាជ្ញាកណ្តាល ចៅក្រម ព្រមជាមួយនឹងការកសាង ហេដ្ឋា រចនាសម្ព័ន្ធជាក់ស្តែងពហុកីឡដ្ឋានជាតិមរតកតេជោត្រូវបានសាងសង់ និងសម្រេចបានជា ដំណាក់កាលៗហើយ សម្រាប់ទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣នោះ។

ចំពោះពហុកីឡ ដ្ឋាន និងទីលាន សម្រាប់ការប្រកួតស៊ីហ្គេមនោះនឹងប្រើប្រាស់ពហុកីឡដ្ឋាន ជាតិមរតក តេជោ ដែលជាជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិត ចិន ក្នុងរង្វង់ទឹកប្រាក់ប្រមាណ១៥៧លានដុល្លារសហរដ្ឋអាមេរិក លើទំហំផ្ទៃដី៨៥.៣៥ ហិកតា ដែលទីលានកីឡាក្នុងសាលនានាបានបញ្ចប់ការសាងសង់ និងសម្រេចបានជាស្ថាពរ​រួចរាល់ហើយ ដោយនៅសល់តែទីលានបាល់ទាត់ ឬកីឡដ្ឋានធំ ដែលកំពុងដំណើរការសាង​សង់ និងសម្រេចបានតាមដំណាក់កាលនីមួយៗ។

បន្ទាប់ពីនោះ នឹងត្រូវបន្តការសាងសង់ ទីលានមួយចំនួនតូចបន្ថែម និងសាងសង់ភូមិកីឡា។ ក្រៅពីនោះ រៀបចំប្រកួតលើប្រភេទ កីឡាមួយចំនួននៅពហុកីឡដ្ឋានជាតិអូឡាំពិក មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) និងនៅតាមបណ្តាខេត្តមួយចំនួន ដូច ជានៅខេត្តសៀមរាប បាត់ដំបង កំពង់ចាម និងកាប្រកួតនៅតាមសមុទ្រ ដូចជាកីឡាទូកក្តោង ម៉ូតូទឹក ទូកកានូ និងកីឡាទ្រីយ៉ាត្លុង ជាដើម ទៅតាមតម្រូវការនៃប្រភេទកីឡានីមួយៗ៕

ដោយ ហេង​ ណាលីន