ទូរទស្សន៍ជាតិកម្ពុជាទទួលសិទ្ធិផ្តាច់មុខផ្សាយព្រឹត្តិការណ៍បាល់ទាត់ហ្វូតសាល់អាស៊ាន ដែលនឹងប្រព្រឹត្តទៅ នៅខែតុលា ឆ្នាំ២០១៩ខាងមុខនេះ

វិទ្យុជាតិកម្ពុជា៖ ដោយ លោកស្រី ប៉ុង សុភាវី ០៧ មីនា ២០១៩

ភ្នំពេញ៖ វៀតណាមប្រកាសផ្តល់សិទ្ធិដល់ទូរទស្សន៍ជាតិកម្ពុជាអាចផ្សាយបន្តផ្ទាល់ពីទូរទស្សន៍ ជាតិវៀត​ណាម​ក្នុងព្រឹត្តិកាណ៍ប្រកួតបាល់ទាត់ហ្វូតសាល់អាស៊ាន ដែលនឹងប្រព្រឹត្តទៅ នៅខែតុលា ឆ្នាំ២០១៩ខាងមុខនេះ។

ក្នុងឱកាសជំនួបពិភាក្សាការងាររវាងឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និង
ឯកឧត្តមVU HAI ​អគ្គនាយករង វិទ្យុសម្លេងវៀតណាមVOV កាលពីថ្ងៃទី៦ ខែមីនា នៅទីស្តីការក្រសួងព័ត៌មាន ឯកឧត្តមVU HAI អគ្គនាយករង វិទ្យុសម្លេងវៀតណាមVOVបានឲ្យដឹងថា រដ្ឋាភិបាលវៀតណាម បានផ្ដល់ សិទ្ធិផ្តាច់មុខ ឲ្យទូរទស្សន៍ជាតិកម្ពុជាទទក ធ្វើការផ្សាយបន្តពីVOV តែមួយគត់នៅក្នុងប្រទេសកម្ពុជាពីការប្រកួតបាល់ទាត់​ហ្វូតសាល់អាស៊ាន ដែលប្រព្រឹត្តទៅ នៅខែតុលា ឆ្នាំ២០១៩ខាងមុខនេះ។

ឯកឧត្តមបានបន្តថា ការប្រកួតបាល់ទាត់ហ្វូតសាល់កីឡាករ ប្រទេសកម្ពុជា ក៏មានវត្តមានចូលរួមប្រកួតផងដែរ ក្នុងពូលA។

ឯកឧត្តម VU HAI បានសំដែងនូវការរីករាយ ដែលបានអញ្ជើញមកកាន់ប្រទេសកម្ពុជាជាថ្មីម្តងទៀត ក្នុងរយៈពេល​ប្រមាណជាង ៣០ឆ្នាំមុន ដែលរូបលោកធ្លាប់បានធ្វើការ រយៈពេល ១ឆ្នាំ នៅវិទ្យុជាតិកម្ពុជា។

ដូច្នេះវត្តមានរបស់លោកមកកម្ពុជានាឱកាសនេះ គឺដើម្បីជំរុញពង្រឹង ពង្រីក នូវកិច្ចសហប្រតិបត្តិការរវាង​វិទ្យុសម្លេងវៀតណាមVOV ជាមួយក្រសួងព័ត៌មានកម្ពុជា ឲ្យកាន់តែស្អិតរមួតបន្ថែមទៀត។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះវិទ្យុសម្លេងវៀតណាមVOV ដែលបានផ្តល់សិទ្ធិដល់ទូរទស្សន៍ជាតិកម្ពុជាក្នុងការ ផ្សាយព្រឹត្តិការណ៍បាល់ទាត់នេះ ដើម្បីអោយប្រជាពល​រដ្ឋខ្មែរបានដឹងពីព្រឹត្តិការណ៍នេះ ឲ្យបានទូលំទូលាយ ពីកីឡាករខ្មែរដែលប្រកួតនៅវៀតណាម។

ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា VOVដែលជានិច្ចកាល តែងតែបានផ្ដល់នូវការ​គាំទ្រដល់វិស័យ​​ផ្សព្វផ្សាយ​នៅក្នុងប្រទេសកម្ពុជា ពិសេសកិច្ចសហប្រតិបត្តិការល្អ ជាមួយក្រសួងព័ត៌មាន។

ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា VOV បានផ្ដល់នូវម៉ាស៊ីនផ្សាយវិទ្យុ និងទូរទស្សន៍ រួមទាំងសម្ភារៈឧបករណ៍​​បច្ចេកទេសជាច្រើនដល់កម្ពុជាសម្រាប់បំរើការកផ្សាយនៅកម្ពុជា។

ទន្ទឹមនេះដែរVOV ក៏បានជួយបណ្ដុះបណ្ដាលជំនាញបច្ចេកទេស ដល់មន្ត្រីកម្ពុជា បានយល់ដឹង ចេះប្រើប្រាស់​ម៉ាស៊ីនផ្សព្វផ្សាយវិទ្យុ និងទូរទស្សន៍ ដោយសារតែឧបករណ៍ទាំងអស់នោះ សុទ្ធតែថ្មី និងទំនើប ស្របតាមការរីក​ចំរើនបច្ចេកវិទ្យា៕