ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន ជំរុញឲ្យរដ្ឋបាលខេត្តប៉ៃលិន បង្កើន និងពង្រឹងប្រសិទ្ធភាពការងារ

វិទ្យុជាតិកម្ពុជា៖ដោយ ហោ សេងគ្រី៖

ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ឋប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩នេះបានដាក់ទិសដៅសំខានៗចំនួន៩ចំណុច ដល់រដ្ឋបាលខេត្តប៉ៃលិន ដើម្បីបង្កើន និងពង្រឹងប្រសិទ្ធភាពការងារអោយកាន់តែប្រសើរ។


ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តប៉ៃលិន ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន បានធ្វើការណែនាំដល់រដ្ឋបាលគ្រប់ថ្នាក់ មន្ទីរ អង្គភាព និងកងកម្លាំងមានសមត្ថកិច្ចក្នុងខេត្តប៉ៃលិនទាំងមូលត្រូវខិតខំរួមគ្នា សម្រេច ឲ្យបាននូវកិច្ចការសំខាន់ៗដូចជា :១.ការពង្រឹងសន្តិភាព និងស្ថិរភាពនយោបាយ ២.សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ សុវត្ថិភាពសង្គម ការគ្រប់គ្រងធនធានធម្មជាតិ ៣.ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ៤.កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ៥.ការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន ៦.បញ្ហាគ្រោះរាំងស្ងួត ៧.ការពង្រឹងរបៀបរបបការងារ ៨.ទំនាក់ទំនងជាមួយប្រទេសជិតខាង និងទី៩.ការងារជំរឿនប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន។


ឯកឧត្ដមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បាន កោតសរសើរចំពោះសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិនដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាងនិងថែរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិដែលបានធ្វើឲ្យខេត្តប៉ៃលិនប្រែក្លាយពីតំបន់ប្រយុទ្ធទៅជាតំបន់ដែលមានការអភិវឌ្ឍលើគ្រប់វិស័យ។
ជាមួយគ្នានេះ ក្នុងឱកាសទិវាសិទ្ធិនារីអន្តរជាតិ៨មីនា ឯកឧត្ដមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ក៏បានជូនពរដល់នារីទាំងអស់នៅខេត្តប៉ៃលិនសូមឲ្យទទួលបានតែសុភមង្គលនិងសេចក្តីសុខជានិរន្តន៍៕