បេសកជននុយក្លេអ៊ែរ​កូរ៉េខាងត្បូង អាម៉េរិក និងជប៉ុន ពិភាក្សាគ្នាពី វិធានការនានាក្រោយកិច្ចប្រជុំកំពូល

AKP ភ្នំពេញ ថ្ងៃទី០៧ ខែមីនា   ឆ្នាំ២០១៩ — បេសកជននុយក្លេអ៊ែរកំពូលៗកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុនបានជួបប្រជុំគ្នា​នៅទីក្រុងវ៉ាស៊ីងតោន កាលពីថ្ងៃពុធ​ ដើម្បីពិភាក្សាគ្នាពីជំហានជាបន្តបន្ទាប់​ បន្ទាប់ពីការ​បរាជ័យ​​នៃកិច្ចប្រជុំកំពូលលើកទី២​អាម៉េរិក-កូរ៉េខាងជើង។

ក្រសួងការបរទេសអាម៉េរិក​បាននិយាយនៅក្នុងគេហទំព័រមួយ​ ដោយបញ្ជាក់ទៅកាន់​កូរ៉េ​ខាងជើង​ជាផ្លូវការថា​ តំណាងពិសេសអាម៉េរិក​ប្រចាំនៅប្រទេសកូរ៉េខាងជើង លោក ស្តេបហ្វេន ប៊ីហ្គាន​ បានធ្វើកិច្ចចរចាទ្វេភាគី និងត្រីភាគី ជាមួយសមភាគីកូរ៉េខាងត្បូង និង​ជប៉ុន​របស់លោក​ លោក លី ដូ-ហុន និងលោក កេនស៊ី កាសាស៊ូគី​ ដាច់ដោយឡែកពីកគ្នា។ ពួកគេបានពិភាក្សាគ្នា ពីកិច្ចខិតខំប្រឹងប្រែងដែលបានបន្ត និងបានសម្របសម្រួល​ ដើម្បីធ្វើ​ឱ្យប្រសើរឡើង​ក្នុងការបញ្ចប់​ការធ្វើមិនឱ្យមាននុយក្លេអ៊ែរ​នៅកូរ៉េខាងជើង​ ដែលបានផ្ទៀង​ផ្ទាត់​យ៉ាងពេញលេញ​។

ប្រធានាធិបតីអាម៉េរិក​លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុង-អ៊ុន ​បានជួបប្រជុំគ្នានៅទីក្រុងហាណូយ ប្រទេសវៀតណាម​កាលពីថ្ងៃទី២៧-២៨​ខែកុម្ភៈ ប៉ុន្តែបានបរាជ័យក្នុងការឈានទៅដល់កិច្ចព្រមព្រៀង​មួយ ស្តីអំពី​ការរំសាយ​កម្មវិធីអាវុធ​នុយក្លេអ៊ែររបស់កូរ៉េខាងជើង​។

ប្រទេសកូរ៉េខាងត្បូង មានបំណងចង់ធានានូវសន្ទុះក្នុងកិច្ចចរចារវាងអាម៉េរិក និងកូរ៉េ​ខាង​ជើង ដើម្បីលើកកម្ពស់នូវគោលដៅចុងក្រោយរបស់ខ្លួន​នៃសន្តិភាពនៅលើឧបទ្វីបកូរ៉េ​នាពេល​ឆាប់ៗនេះ៕

( ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល )