ទេសាភិបាលធនាគារជាតិនៃកម្ពុជា៖ មន្រ្ដីរាជការ​ជាស្រ្តី​ចាប់​តាំង​ពី​​​​ថ្នាក់​ទេសាភិបាល​រង​ដល់​បុគ្គលិក​ធម្មតា​មានចំនួន៤៨ភាគរយ នៃចំនួនមន្រ្ដីរាជការសរុប

AKP ភ្នំពេញ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ -ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអះអាងថា បច្ចុប្បន្នមន្រ្ដីរាជការជាស្រ្ដីចាប់​តាំង​ពី​​​​ថ្នាក់​អគ្គទេសាភិបាល​រង​ដល់​បុគ្គលិក​ធម្មតា​កើនដល់៤៨ភាគរយ នៃចំនួនមន្រ្ដីរាជការសរុប ក្នុងនោះ ចំនួន​ស្រ្តី​​​ក្នុងជួរថ្នាក់ដឹក​នាំ​ធនាគារ​ជាតិ​​នៃក​ម្ពុជា​បា​ន​កើនឡើង៣០ភាគរយ។

ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១០៨ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០១៩ កាលពីថ្ងៃទី០៦ ខែមីនានេះ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិ​នៃកម្ពុជា បានមានប្រសាសន៍ថា ស្រប​តាម​គោល​នយោបាយ​របស់​រាជ​រដ្ឋា​ភិបាល ធនា​គារ​ជាតិនៃ​កម្ពុជា​​តែង​តែ​​​​ប្រារព្ធ​ពិធី​នេះ​ជា​រៀងរាល់​ឆ្នាំ​ផង​ដែរ ដើម្បីលើ​កកម្ពស់ និង​ថ្លែង​​​អំណរ​គុណ​ចំពោះ​ថ្នាក់​ដឹក​នាំនិង​​មន្រ្តី​​បុគ្គលិក​ជា​នារី​នៅ​ធនាគារជាតិនៃកម្ពុជា ដែល​បាន​រួម​ចំណែក​ កសាង​និង​អភិវឌ្ឍន៍​ប្រព័ន្ធ​​​​ធនាគារ​នៅ​កម្ពុជា​ឱ្យ​មានការរីកចម្រើនជា​បន្ត​បន្ទាប់។ ឯកឧត្តម​បាន​បន្ដថា ការរៀបចំទិវានារីអន្ដរជាតិនេះឡើងក្នុងន័យលើកកម្ពស់ស​ម​ភាព​យេនឌ័រ និង គាំទ្រ​គោលនយោបាយរាជរដ្ឋាភិបាល​បច្ចុប្បន្ន ធនាគារ​​ជាតិនៃកម្ពុជាមានចំនួ​ន​​មន្រ្តីបុគ្គលិកជា​នារីប្រហាក់ប្រហែលនឹង​មន្រ្តី​បុគ្គលិក​​​​ជាបុរស ដែលក្នុង​នោះ​ម​ន្រ្តី​បុ​គ្គ​លិក​ជា​​នារីមានចំនួន​៧៩១នាក់ នៃមន្រ្តីបុគ្គលិកសរុប​ទូទាំង​​​​​ប្រទេស​ចំនួន១.៦៦៣នាក់។ ទន្ទឹមនេះ ស្រ្តីនៅ​ធនាគារ​​​​ជាតិ​នៃកម្ពុជា ភាគច្រើន​ទទួ​ល​ខុស​ត្រូវ​លើការងារ​ដឹកនាំ​ និង​គ្រប់គ្រង​ការងារ​ជំនាញ​​​​​​​បច្ចេក​ទេសនិង​ការងារ​ប្រតិបត្តិការ​ជាដើម។ ឯកឧត្តមបានគូសបញ្ជាក់ថា សមាមាត្រដ៏ធំនេះបាន​បង្ហាញ ​ឱ្យ​ឃើញ​​​​ពី​សមត្ថ​ភាព ការលើក​កម្ពស់​ស្រ្តី និង​សា​រៈ​សំ​ខាន់​របស់ស្រ្តីចំពោះការងារ ព្រម​ទាំង​​​មាន​ការ​​ជឿ​ជាក់ក្នុង​ការ​បំពេញ​តួនាទីភារកិច្ច នៅគ្រ​ប់​លំ​ដាប់​​ថ្នាក់​នៃការ​គ្រប់គ្រង​ធនាគារ។ ក្រៅ​ពី​នេះ​ ធនាគារជាតិ នៃកម្ពុជា បាននិង​កំពុង​ស​ហ​ការ​ជា​មួយ​ក្រសួងកិច្ចការ​នារី​ក្នុងការ​ជំរុញ​បរិយាប័ន្ន​ហិរញ្ញវត្ថុស្ត្រី ព្រមទាំងដាក់ចេញផែនការកាត់បន្ថ​យ​​ចំនួន​ស្ត្រី​ដែល​​មិន​បាន​ទទួល​​​​សេវា​ហិរញ្ញ វត្ថុ​​ពី២៧ភាគរយ មក១៣ភាគរយ នៅឆ្នាំ២០២៥ ​តាម​រយៈ​ការ​លើក​ទឹកចិត្ត​​ឱ្យ​គ្រឹះស្ថាន​​ធនាគារនិង​ហិរញ្ញវត្ថុ​ទាំងអស់​បង្កើន​ផលិតផល​ហិរញ្ញវត្ថុ​ ​ដែល​​សម​ស្រប​ជាមួយ​នឹង​តម្រូវ​ការ​របស់ស្រ្តី។

ជាមួយគ្នានេះ ឯកឧត្ដមទេសាភិបាលក៏បានលើកទឹកចិត្តឱ្យស្ត្រី និងបុរស​មាន​​​សិទ្ធិ​​​ និង​ឱកាស​ដូច​គ្នា ក្នុង​​​ការ​ទទួល​បាន​​ចំណេះដឹងនិង​ជំនាញ​បច្ចេកទេស​គ្រប់​ផ្នែក​ និង​​​ចូលរួ​ម​​គ្រប់ វិស័យ ពិសេសក្នុ​ងវិ​ស័​យ​ធ​នា​គារ និងហិរញ្ញវត្ថុ។ បច្ចុប្បន្ន​ យើងសង្កេតឃើញថា ស្ត្រីមិន ត្រឹមតែទទួលបន្ទុកថែ​ទាំ​គ្រួសារ​ប៉ុណ្ណោះទេ តែថែមទាំងបានរួម​ចំណែក​ជាច្រើនក្នុងការកសាង​​និង​អភិវឌ្ឍ​ន៍សង្គម​​​ជាតិផ​ង​ដែរ ​​ទាំង​ផ្នែក​នយោ​បាយ ការងារ​​សង្គម និង​សេដ្ឋកិច្ច​ ដោយសារ​ស្ត្រី​មាន​ប្រាជ្ញា​ស្មារតី និង​តស៊ូ​អត់ធ្មត់​ក្នុងការ​ដោះស្រាយបញ្ហា​នៅ​គ្រប់​កាលៈទេសៈ​ទាំង​អស់។ ឯកឧត្តមបានឱ្យដឹងទៀតថា តាមរយៈយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់​រាជរដ្ឋាភិបាល ដែលបាន​ចាត់​ទុកតួនាទី​ស្រ្ដី​គឺ​ជា​ឆ្អឹង​ខ្នង​នៃសេដ្ឋកិច្ចនិងសង្គមជាតិ ​​ហើយ ផែនការ​យុទ្ធ​​សាស្ត្រនារី​រតនៈ ក៏ត្រូវ​​បានបង្កើតឡើង ​​ដើម្បីជំរុញការលើកកម្ពស់តួនាទីរបស់ស្ដ្រី នៅ​ក្នុង​សេដ្ឋកិច្ច ​និង​សង្គ​មខ្មែ​រ លើក​កម្ពស់​សុខុ​មាលភាពស្រ្តី ការអប់រំដល់ស្រ្ដីនៅគ្រប់កម្រិត​ឱ្យចូលរួម​កាន់​តែសកម្ម​ក្នុង​រដ្ឋ​បាល​សាធារណៈ ការពង្រឹង​ការឈរ​ឈ្មោះ​នៅតាមបណ្ដា​ភូមិ ឃុំ សង្កាត់​ទូទាំង​ប្រទេស ព្រម​ទាំង​ការ​ពង្រឹង​ឱកាស​ការងារ​និង​ការ​ពារ​សិទ្ធិធ្វើការងារ​សម្រា​ប់ ​​ស្ដ្រី។

ឯកឧត្ដមបានសម្ដែងការកោតសរសើរយ៉ាងខ្លាំង​ចំពោះ​ថ្នាក់​ដឹកនាំនារី និងមន្ត្រីបុគ្គលិក នារីធនាគារជាតិនៃកម្ពុជា ដែលបាននិងកំពុងខិតខំ​ប្រឹង​ប្រែង​​​​ជំរុញការលើកកម្ពស់សមភាព យេនឌ័រ ដើម្បីស្ត្រីបានទទួលនូវកិច្ចការពារ​សិទ្ធិ​ និង​​ផល​​ប្រ​យោជ​ន៍ តាមរយៈ​ការកែប្រែ ឥរិយាបថសង្គមឱ្យទទួលស្គាល់ និងចាត់ទុក​ស្ត្រីជា​ដៃ​គូ​​ដ៏​សំខាន់​​ក្នុង​ការ​អភិវឌ្ឍគ្រួសារ និង សង្គម ដោយជួយ​ជំរុញការកសាង​និង​អភិវឌ្ឍន៍​សមត្ថភាព​​​​​ស្ត្រី​​​ក៏​ដូចជា​ការផ្ដល់ឱកាសឱ្យស្ត្រី ចូលរួមប្រកប​ដោយសមធម៌​ក្នុង​គ្រប់​ការងារ​ និង​ក្នុង​គ្រប់​វិស័យ។

សូមបញ្ជាក់ថា ការប្រារព្ធទិវា​អន្តរ​​ជាតិ​​នារី៨ មីនា ​ត្រូវ​បានធនាគារជាតិនៃកម្ពុជាប្រារព្ធ​រៀបចំ ឡើង​ជារៀងរាល់ឆ្នាំ ហើយឆ្នាំនេះ បានប្រារព្ធ​ពិធីនេះឡើង​ក្រោម​​ប្រធាន​បទ​ “លើក​កម្ពស់​សកម្មភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍធនធានមនុស្ស” ក្នុង​គោល​បំណង​លើក​ក​ម្ព​ស់​តួនាទីស្រ្តីក្នុង​វិស័យសេដ្ឋកិច្ចនិងសង្គម​ សំដៅ​អភិវឌ្ឍន៍​ធនធាន​មនុស្ស  ព្រមទាំងចូលរួម​ចំណែក​​សម្រេចឱ្យបានយុទ្ធសាស្ដ្ររបស់រាជរដ្ឋាភិបាល​ដែល​ចាត់​​ទុក​ស្ដ្រី​ជា​​​ឆ្អឹងខ្នង ​នៃសេដ្ឋ កិច្ច​ និង​សង្គមជាតិ​៕

ដោយ អ៊ុន រិទ្ធី​