ប្រទេសវៀតណាមចូលរួមសម័យប្រជុំអង្គការសហប្រជាជាតិ ស្តីពីការអនុវត្តកតិកាសញ្ញា ICCPR

AKP ភ្នំពេញ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩​ — កិច្ចខិតខំប្រឹងប្រែង និងសមិទ្ធិផលរបស់វៀតណាមក្នុងការការពារ និងលើកកម្ពស់សិទ្ធិស៊ីវិល និងសិទ្ធិនយោបាយ នឹងត្រូវបានចែករំលែកនៅក្នុងសម័យប្រជុំលើកទី ១២៥ របស់គណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១២ ខែមីនា។

នៅក្នុងសម័យប្រជុំនោះ គណៈកម្មាធិការសិទិ្ធមនុស្សនឹងពិនិត្យមើលឡើងវិញនូវរបាយការណ៍ជាតិលើកទី ៣ របស់វៀតណាមស្តីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR) ។

លោក Nguyen Khanh Ngoc អនុរដ្ឋមន្រ្តីក្រសួងយុត្តិធម៌នឹងចូលរួមក្នុងកិច្ចប្រជុំនេះ។ ប្រទេសវៀតណាមបានដាក់ជូនរបាយការណ៍ជាតិលើកទី ៣ របស់ខ្លួន ស្តីពីការអនុវត្ត ICCPR និងរបាយការណ៍មួយ ដែលឆ្លើយតបទៅនឹងបញ្ជីកង្វល់របស់គណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជា- ជាតិ។ នៅក្នុងរបាយការណ៍ទាំងនេះបានបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការលើកកម្ពស់គោលនយោបាយ និងបទបញ្ញត្តស្តីពីសិទ្ធិមនុស្ស ក៏ដូចជាកិច្ចអភិវឌ្ឍន៍ដ៏ទូលំទូលាយរបស់ប្រទេសក្នុងការការពារ និងការលើកកម្ពស់សិទ្ធិស៊ីវិល និងសិទ្ធិនយោបាយ បន្ទាប់ពីរបាយការណ៍ជាតិទី២ ដែលបានបង្ហាញកាលពីឆ្នាំ ២០០២ ។

ICCPR គឺជាកតិកាសញ្ញាសិទ្ធិមនុស្សអន្តរជាតិ ដែលត្រូវបានអនុម័តដោយអង្គការសហប្រជាជាតិក្នុងឆ្នាំ ១៩៦៦៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)