វៀតណាម និងហ្វីលីពីនពិភាក្សាអំពីការបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការ

AKP ភ្នំពេញ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩​ — កាលពីថ្ងៃទី៦ ខែមីនា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham- Binh Minh និងរដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Teodoro Lopez Locsin បានធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី៩ នៃគណៈកម្មការរួមរវាងវៀតណាម និងហ្វីលីពីន សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីនៅទីក្រុងម៉ានីល។

នៅក្នុងកិច្ចប្រជុំនោះ ទាំងលោក Minh និងលោក Locsin បានសង្កត់ធ្ងន់ទៅលើទំនាក់ទំនងផ្នែកនយោបាយ និងការទូតដ៏គួរឱ្យទុកចិត្តរវាងប្រទេសទាំងពីរ ដែលបានឆ្លុះបញ្ចាំងអំពីខ្លឹមសារ និងលទ្ធផលនៃដំណើរទស្សនកិច្ច និងកិច្ចប្រជុំនៅគ្រប់កម្រិត ព្រមទាំងតាមរយៈការផ្លាស់ប្តូរទៅវិញទៅមករវាងបក្ស រដ្ឋ រដ្ឋាភិបាល រដ្ឋសភាជាតិ និងប្រជាជននៃប្រទេសទាំងពីរ។

ភាគីទាំងពីរបានសម្តែងនូវសេចក្តីរីករាយចំពោះកិច្ចសហប្រតិបត្តិការ ដែលមានភាពកាន់តែប្រសើរឡើង និងកាន់តែមានប្រសិទ្ធភាពនៅក្នុងវិស័យការពារជាតិ និងសន្តិសុខ តាមរយៈការផ្លាស់ប្តូរទៅវិញទៅមក ក៏ដូចជាការចែករំលែកព័ត៌មាន និងបទពិសោធន៍រវាងកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរ រួមជាមួយកិច្ចសន្ទនាជាទៀងទាត់អំពីគោលនយោបាយ ការពារជាតិ និងកិច្ចពិគ្រោះយោបល់ផ្នែកនាវាចរ។

ភាគីទាំងពីរបានព្រមព្រៀងគ្នាបង្កើនកិច្ចសហការក្នុងប្រតិបត្តិការរុករក និងជួយសង្គ្រោះនៅសមុទ្រ និងការប្រយុទ្ធប្រឆាំងភេរវកម្ម ចោរសមុទ្រ និងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសបទឧក្រិដ្ឋពាក់ព័ន្ធនឹងគ្រឿងញៀន។

ភាគីទាំងពីរបានឯកភាពចាត់វិធានការនានា ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងបង្កើតលក្ខខណ្ឌល្អប្រសើរសម្រាប់សហគ្រាសនៃប្រទេសទាំងពីរ ដើម្បីពង្រឹងភាពជាដៃគូវិនិយោគ និងពាណិជ្ជកម្ម ព្រមទាំងរក្សាកំណើនពាណិជ្ជកម្មទ្វេភាគីឱ្យបានលើសពី ២០ភាគរយ។ នៅក្នុងឆ្នាំ ២០១៨ ពាណិជ្ជកម្មទ្វេភាគីមានចំនួន ៤,៧២ប៊ីលានដុល្លារអាម៉េរិក ពោល គឺកើនឡើងបាន ១៨ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុន៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)