សមាជិកអាស៊ានរួមដៃគ្នាលុបបំបាត់ការរៀបអាពាហ៍ពិពាហ៍ មុនអាយុនិងដោយបង្ខំសម្រាប់កុមារ

AKP ភ្នំពេញ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩​ — កាលពីថ្ងៃទី៦ ខែមីនា វេទិកាមួយស្ដីពីការរៀបអាពាហ៍ពិពាហ៍មុនអាយុ និងដោយបង្ខំសម្រាប់កុមារ (CEFM) បានប្រព្រឹត្តទៅនៅរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ដែលរៀបចំដោយលេខាធិការដ្ឋាន អាស៊ានរួមជាមួយមូលនិធិកុមារអង្គការសហប្រជាជាតិ មូលនិធិប្រជាសាស្រ្តអង្គការសហប្រជាជាតិ និងអង្គការ Plan អន្តរជាតិ។

ព្រឹត្តិការណ៍នេះ គឺជាកិច្ចសន្ទនាមួយនៃសកម្មភាព និងការតម្រង់ទិសក្នុងចំណោមភាគីពាក់ព័ន្ធនានា រួមទាំងរដ្ឋាភិបាល អ្នកបង្កើតគោលនយោបាយ អង្គការយុវជន អង្គការសង្គមស៊ីវិល និងវិស័យឯកជននៅក្នុងបណ្តាប្រទេសជាសមាជិកអាស៊ាន។

ព្រឹត្តិការណ៍នេះបានផ្តល់ឱកាសសម្រាប់គណៈប្រតិភូក្នុងការពិភាក្សាអំពីផែនការយុទ្ធសាស្រ្ត និងសកម្មភាព ដើម្បីផ្តល់សិទ្ធិអំណាចដល់កុមារី និងស្ត្រី ក៏ដូចជាការលុបបំបាត់ការរៀបអាពាហ៍ពិពាហ៍មុនអាយុ និងដោយបង្ខំសម្រាប់កុមារ ស្របតាមទស្សនៈវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥ និងគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍។
នៅក្នុងសុន្ទរកថាបើកវេទិកានេះ អគ្គលេខាធិការរងនៃសហគមន៍សង្គមវប្បធម៌អាស៊ាន លោក Kung Phoak បានសង្កត់ធ្ងន់ថា CEFM មិនត្រឹមតែជាបញ្ហាសម្រាប់ប្រទេសមួយចំនួននៅតំបន់អាស៊ីអាគ្នេយ៍ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់បណ្តាប្រទេសអាស៊ានទាំងអស់ក្នុងការធានានូវការ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទិ្ធ (CRC) និងទស្សនៈវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥។

លោកបាននិយាយថា បញ្ហាទាំងនេះបណ្តាលមកពីវិសមភាពយេនឌ័រ និងការរើសអើងបែបប្រពៃណី ទំនៀមទម្លាប់យូរអង្វែង ព្រមទាំងកង្វះការអប់រំ និងឱកាសសម្រាប់អ្នកក្រីក្រ។

ស្ថានការណ៍នេះបានបណ្តាលឱ្យមានផលប៉ះពាល់ដ៏អាក្រក់មួយ ដែលរាំងស្ទះដល់វឌ្ឍនភាពនៃសង្គម ដោយបានដកចេញនូវកុមារភាព សិទ្ធិទទួលការអប់រំ និងឱកាសសម្រាប់កុមាររាប់លាននាក់ ជាពិសេសក្មេងស្រីនៅទូទាំងទ្វីបអាស៊ី៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)