រដ្ឋបាលខេត្តព្រះវិហារ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅបន្តឆ្នាំ២០១៩

AKP ព្រះវិហារ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ -រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារបន្តឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ នៅថ្ងៃពុធ ០១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវិធទាំងបីប្រភេទ អភិបាល អភិបាលរងក្រុង ស្រុក  មេឃុំ ចៅសង្កាត់ មេប៉ុស្តិ៍ និងមន្ត្រីរាជការ ជាច្រើនរូបផងដែរ ។

ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថាសមិទ្ធផលជាច្រើនដែលសម្រេចបានក្នុងរយៈពេលកន្លងមកនេះ គឺកើតចេញពីកិច្ចខិតខំប្រឹងប្រែងពីគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នាធ្វើឱ្យខេត្តព្រះវិហារ កាន់តែមានភាពរីកចម្រើនជាបន្តបន្ទាប់ ។ គោលដៅសំខាន់នៃយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ សម្រាប់នីតិកាលទី៦ រាជរដ្ឋាភិបាល បានផ្តោតការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងកំណែទម្រង់ស៊ីជម្រៅ សំដៅលើកកម្ពស់សុខុ មាលភាពប្រជាពលរដ្ឋ សមភាព ធានាបាននូវយុត្តិធម៌ក្នុងការទទួលបានសេវាសាធារណៈ ការលើកកម្ពស់អភិបាលកិច្ចល្អ និងសមត្ថភាពស្ថាប័នថ្នាក់ក្រោមជាតិ ដែលតម្រូវឱ្យរដ្ឋបាលគ្រប់ជាន់ថ្នាក់បំពេញតួនាទីភារកិច្ចជាយុត្តិសាស្រ្តដើម្បីប្រយោជន៍ប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវ ឆ្លើយតបទៅនឹងតម្រូវការ និងសំណូមពរចាំបាច់របស់បងប្អូនប្រជាពលរដ្ឋ សំដៅបង្កើនប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ បង្ខិតជិតប្រជាពលរដ្ឋ ធានាឱ្យមានភាពរីកចម្រើននូវជីវភាពរស់នៅរបស់ពលរដ្ឋ ដែលជាគោលដៅចម្បងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ គឺ កំណើន ការងារ  សមធម៌ និងប្រសិទ្ធភាព ជាក់ស្តែងការបង្កើតយន្តការច្រកចេញ-ចូលតែមួយនៅថ្នាក់ឃុំ សង្កាត់ ក្រុង ស្រុក និងរាជធានី ខេត្ត។

ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍បន្ថែមទៀតថា ការទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អជាមួយខេត្តទាំង៣ជាប់ព្រំដែនគឺ តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ច កិច្ចប្រជុំ និងការលេងកីឡាជាមួយគ្នា បានធ្វើឱ្យទំនាក់ទំនងកាន់តែប្រសើរឡើង ក្រៅពីនោះខេត្តព្រះវិហារក៏មានកិច្ចសហប្រតិបត្តិការល្អជាមួយខេត្តយ៉ាឡាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាមផងដែរ។ ហេតុនេះសម្រាប់ទិសដៅការងារបន្ត ធ្វើយ៉ាងណាស្វែងរកធាតុចូល ក្នុងការចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលទទួលបានជោគជ័យ និងមានប្រសិទ្ធភាព ព្រមទាំងការអភិវឌ្ឍខេត្តយើងឱ្យកាន់តែរីកចម្រើនបន្ថែមទៀតនាថ្ងៃអនាគត៕

ដោយ ទិត ស្រ៊