ស៊ុយអែតផ្តល់ជំនួយជាង២៦ម៉ឺនដុល្លារ សម្រាប់កម្ពុជាពង្រឹងប្រសិទ្ធភាពសេវាដោះស្រាយវិវាទការងារ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

រដ្ឋាភិបាលប្រទេសស៊ុយអែត បានសម្រេចផ្តល់ជំនួយឥតសំណងសរុបប្រមាណជាង២៦៨.០០០ដុល្លារអាមេរិក ទៅឲ្យក្រុមប្រឹក្សាអាជ្ញាកណ្តាលនៃប្រទេសកម្ពុជា ដើម្បីអនុវត្តលើការពង្រឹងប្រសិទ្ធភាពផ្តល់សេវាដោះស្រាយវិវាទការងារ។
គម្រោងជំនួយនេះ ត្រូវបានធ្វើចុះហត្ថលេខានៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៦ មីនា ដោយតំណាងស្ថានទូតប្រទេសស៊ុយអែតប្រចាំនៅកម្ពុជា និងមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលមានការិយាល័យនៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក។
ជំនួយឥតសំណងដល់ក្រុមប្រឹក្សាអាជ្ញាកណ្តាលនេះ មានរយៈពេល១ឆ្នាំ ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាព និងភាពងាយស្រួយក្នុងការផ្តល់សេវាដោះស្រាយវិវាទការងារដែលភាគីពាក់ព័ន្ធមានការជឿជាក់ ព្រមទាំងដើម្បីបង្កើនសមត្ថភាពភាគីពាក់ព័ន្ធក្នុងវិស័យទំនាក់ទំនងវិជ្ជាជីវៈ ចូលរួមទប់ស្កាត់វិវាទ និងដោះស្រាយបញ្ហារបស់ពួកគេ និងកិច្ចសន្ទនាសង្គមប្រកបដោយប្រសិទ្ធភាព ក៏ដូចជាពង្រឹងសុចរិតភាព និងនិរន្តភាពរបស់ស្ថាប័ន ក្រុមប្រឹក្សាអាជ្ញាកណ្តាល មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលនិងសេវាកម្មផ្សេងៗ។
លោក សាមូអ៊ែល ហ៊ូទីក ប្រធានផ្នែកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិរបស់ស្ថានទូតស៊ុយអែតប្រចាំនៅកម្ពុជា មានប្រសាសន៍ថា «ការអប់រំ និងទីផ្សារការងារ គឺជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពដទៃទៀតរបស់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិរបស់ប្រទេសស៊ុយអែតនៅប្រទេសកម្ពុជា»។
លោក ម៉ែន និម្មិត នាយកប្រតិបត្តិមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានឲ្យដឹងថា ក្រមប្រឹក្សាអាជ្ញាកណ្តាល ដើរតួនាទីយ៉ាងសំខាន់ និងបំពេញកិច្ចការបានល្អ ដោយសម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងការដោះស្រាយវិវាទការងារកន្លងមក។ មកទល់នឹងឆ្នាំ២០១៨ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានទទួលសំណុំរឿងចុះបញ្ជីចំនួន២.៧៦៥ករណីដែលមានកម្មករនិយោជិតពាក់ព័ន្ធចំនួនជាង១លាននាក់មកពីវិស័យកាត់ដេរ និងវិស័យផ្សេងៗនៅទូទាំងប្រទេសកម្ពុជា។ ក្នុងចំណោមសំណុំរឿងដែលបានចុះបញ្ជីទាំងអស់នេះ ក្រុមប្រឹក្សាអាជ្ញាកណ្តាលច សម្រេចបាននូវអត្រាជោគជ័យក្នុងការដោះស្រាយវិវាទចំនួន៧៣,២០ភាគរយ។
មូលនិធិក្រមប្រឹក្សាអាជ្ញាកណ្តាល គឺជាស្ថាប័នលើកកម្ពស់ឲ្យមានទំនាក់ទំនាក់វិជ្ជាជីវៈប្រកបដោយប្រសិទ្ធភាព តាមរយៈការផ្តល់ជាវេទិកាសម្រាប់កម្មករនិយោជិត និងនិយោជកនៅកម្ពុជា ក្នុងការស្វែងរកដំណោះស្រាយប្រកបដោយយុត្តិធម៌ និងសមធម៌ចំពោះវិវាទការងារដែលកើតមាន។ វិវាទការងារ ត្រូវបានដោះស្រាយដោយផ្ទាល់ និងទាន់ពេលវេលាប្រកបដោយតម្លាភាព តាមរយៈការធ្វើសវនាការ និងការចេញសេចក្ដីបង្គាប់ដែលមានយុត្តិធម៌ តុល្យភាព និងមានហេតុផលយោងតាមច្បាប់៕