ប្រមុខការទូតកម្ពុជា ថា ចាប់ពីឆ្នាំ២០១៩នេះទៅ ស្ថានការណ៍ពិភពលោកនឹងបន្តប្រែប្រួល

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

ប្រមុខការទូតកម្ពុជា បានលើកឡើងថា ឆ្នាំ២០១៩នេះ និងបណ្តាឆ្នាំតទៅមុខ ស្ថានការណ៍ពិភពលោកនឹងបន្តប្រែប្រួលយ៉ាងជ្រាលជ្រៅ ស្មុគស្មាញ ឆាប់រហ័ស និងពិបាកប៉ាន់ស្មានបាន។ កត្តានេះ អាចនឹងធ្វើឲ្យកម្ពុជារងផលប៉ះពាល់ជាអវិជ្ជមាន ក្រោមឥទ្ធិពលនៃការអនុវត្តស្តង់ដារពីររបស់ប្រទេសមហាអំណាច។


ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបការងារឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៥ ខែមីនានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា ឆ្នាំឯកឧត្តមមានប្រសាសន៍ថា «ដំណើរប្រែប្រួលទៅកាន់ប្រព័ន្ធពហុប៉ូលនៅបន្តទៅមុខ។ ទោះបីមានការប្រឆាំងទប់ទល់ ដើម្បីរក្សាឧត្តមភាពទោលនៅលើលោក តាមគ្រប់រូបភាពយ៉ាងណាក៏ដោយ ក៏ការងើបឡើងកាន់តែជាក់ច្បាស់របស់ តួអង្គផ្សេងទៀត នឹងទាញការទទួលខុសត្រូវក្នុងការចាត់ចែងកិច្ចការពិភពលោកទៅរកប៉ូលថ្មី បង្កើតជាការប្រកួតប្រជែងជាយុទ្ធសាស្ត្រ ដើម្បីអំណាច ឥទ្ធិពល និងផលប្រយោជន៍។ ទំនាក់ទំនងរវាងមហាអំណាចទី១(អាមេរិក) និងមហាអំណាចទី២(ចិន) ទោះក្នុងរូបភាព និងលក្ខណៈណាក៏ដោយ នឹងជះឥទ្ធិពលលើដំណើររបស់ពិភពលោកទាំងមូល ទាំងខាងនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងបច្ចេកវិទ្យា»។
ប្រមុខការទូតកម្ពុជារូបនេះ បញ្ជាក់ថា ការងាកចេញរបស់មហាអំណាចទី ១ ពីប្រព័ន្ធពហុភាគីនិយមទៅកាន់ឯកតោភាគីនិយម និងគាំពារនិយម កំពុងគំរាមដល់ប្រព័ន្ធសណ្តាប់ធ្នាប់ពិភពលោកបច្ចុប្បន្ន ដែលជាវិធានសម្រាប់ចាត់ចែងទំនាក់ទំនងអន្តរជាតិ អស់កាលជាង៧០ឆ្នាំមកហើយ។ ភ្នក់ជម្លោះតាមតំបន់នានា នៅមជ្ឈិមបូព៌ា អឺរ៉ុបខាងកើត អាហ្វ្រិក អាមេរិកឡាទីន និងនៅអាស៊ី បញ្ហាប្រឈមធ្ងន់ធ្ងរ តួយ៉ាងអំពើភេរវកម្ម វិបត្តិជនភៀសខ្លួន ឧក្រិដ្ឋកម្មបច្ចេកវិទ្យាព័ត៌មានវិទ្យា ឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស គ្រឿងញៀន ការប្រែប្រួលធាតុអាកាស និងបញ្ហា បរិស្ថាន ជំងឺឆ្លង និងគ្រោះធម្មជាតិ។ល។ នឹងនៅតែបន្តគំរាមកំហែងដល់សន្តិសុខពិភពលោក និងត្រូវការការរួមកម្លាំងទាំងអស់គ្នា ដើម្បីឆ្លើយតបដោះស្រាយ។
បើតាមរបាយការណ៍របស់ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា តំបន់អាស៊ី-ប៉ាស៊ីហ្វិក នឹងនៅតែជាចំណុចកណ្តាលនៃការប្រកួតប្រជែងរបស់មហាអំណាចធំៗ។ ការងើបឡើងរបស់បណ្តាប្រទេសនៅអាស៊ី នាំមុខដោយ ចិន ជប៉ុន ឥណ្ឌា កូរ៉េខាងត្បូង និងអាស៊ាន កំពុងធ្វើឲ្យជញ្ជីងអំណាចផ្អៀងពីភាគខាងលិច មកភាគខាងកើត។
ជាមួយគ្នានេះ អាស៊ាននឹងបន្តជាគម្រូនៃសមាហរណកម្មប្រកបដោយជោគជ័យផង ជាកម្មវត្ថុនៃការចង់ភ្ជាប់ភាពជាដៃគូជាមួយផង និងក៏ជាកន្លែងដែលទទួលរងឥទ្ធិពល និងសម្ពាធពីការប្រកួតប្រជែងនោះផង។
ការប្រកួតគ្នារវាងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន និងយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហដែលកំពុងលេចចេញជារូបរាងរបស់អាមេរិក និងសម្ព័ន្ធមិត្តក្នុងតំបន់បញ្ហាសមុទ្រចិនខាងត្បូង បញ្ហាឧបទី្វបកូរ៉េ និងបញ្ហាជាច្រើនទៀត នឹងធ្វើឲ្យអាស៊ី-ប៉ាស៊ីហ្វិក បន្តនៅជាតំបន់ដ៏ក្តៅ រំជើបរំជួលប្រែប្រួលឆាប់រហ័ស៕